Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ណែនាំដល់គណបក្សនយោបាយ និងបេក្ខជន មិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោបាយ ដែលមានលក្ខណៈជេរប្រមាថ

spot_img

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីណែនាំស្តីពីការធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនឈរឈោ្មះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) និង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ការឃោសនាបោះឆ្នោតមានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាត ឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត។ ផ្អែកតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដំបូងនៃការចាប់ផ្តើមយុទ្ធនាការនេះ ដោយមានការសម្របសម្រួល និងផ្ដល់កិច្ចសហការល្អពី សំណាក់អាជ្ញាធរដែនដីជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ គណបក្ស នយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនា តាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព ស្របតាមកម្មវិធីដែលបានកំណត់ និងក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានកត់សម្គាល់ឃើញ នូវសកម្មភាពមិនត្រឹមត្រូវមួយចំនួនរបស់គណបក្សនយោបាយ ដែលអាចនាំឱ្យបំពានលើបទប្បញ្ញត្តិ នៃ ច.ប.ឃ.ស និង ប..ឃ.ស។ ដើម្បីបង្កលក្ខណៈឱ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយប្រព្រឹត្តទៅកាន់តែរលូន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន គ.ជ.ប សូមធ្វើ ការណែនាំដល់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ដូចខាងក្រោម ៖

១- មិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោបាយដែល មានលក្ខណៈជេរប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយណាមួយ ឬយក្ខជន ឈរឈ្មោះ ឬញុះញង់ឱ្យមានការរើសអើង ឬបញ្ឆេះកំហឹង ឬធ្វើឱ្យមានក៏d, នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតតាមគ្រប់មធ្យោបាយ។ ជនណាឬ គណបក្ស នយោបាយណាដែល បានប្រព្រឹត្តបំពានលើបទប្បញ្ញត្តិនៃ ច.ប.ឃ.ស និង ប.ន.យ.ស ត្រូវទទួលពិន័យតាមច្បាប់ជាធរមាន។

២- មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការផ្តល់មធ្យោបាយជាថវិកាសម្ភារ បរិក្ខារ ឬមធ្យោបាយផ្សេងៗ។

៣- មិនត្រូវលើកស្លាក ឬបដាកាត់ទទឹងថ្នល់ ឬប្រើប្រាស់សម្ភារឯកសារដែលផ្ទុយនឹងស្មារតីច្បាប់ ឬ/និងដែលត្រូវបានហាមឃាត់ដោយ គ.ជ.ប។

៤- ត្រូវជូនដំណឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច៣(បី) ថ្ងៃ មុនថ្ងៃធ្វើការហែក្បួនឃោសនា និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និង បញ្ចៀសការកកស្ទះចរាចរ។

៥- ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងធានាបាននូវបរិយាកាសនយោបាយមានការវិវឌ្ឍល្អទាំងមុន និងក្រោយការបោះឆ្នោត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×