ភ្នំពេញ: ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានស្តីពី ការណែនាំការធ្វើដំណើរមកកម្ពុជា និងការបង្ហាញផែនទីដែលបានផ្សព្វផ្សាយថ្មីៗនេះដោយបណ្តាស្ថានទូតប្រទេស ជាមិត្ដប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងព័ត៌មាន និងការបង្ហាញផែនទីផ្សព្វផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាព ទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ដែលបានលើកឡើង គឺមានលក្ខណៈកំណត់ នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋានអំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាបានទេ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការ ធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងទេសចរណ៍ តែងតែបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ និងការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថាព័ត៌មានដែលបានផ្សព្វផ្សាយមានភាពត្រឹមត្រូវ តុល្យភាព និងគាំទ្រដល់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិអំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន អង្គទូត បរទេសប្រចាំកម្ពុជា អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួម ផ្សព្វផ្សាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធ








