Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត៖ ផែនការមេសម្រាប់អភិវឌ្ឍន៍ ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាផែនការមេប្រកបដោយមហិច្ឆតា

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២២នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ តាមរយៈប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS) ដើម្បីពិភាក្សាលើទិសដៅគោលនយោបាយនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

កិច្ចប្រជុំពិគ្រោះយោបល់ដែលធ្វើឡើងនេះ គឺដើម្បីពិនិត្យ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើវឌ្ឍនភាពនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលសិក្សា និងរៀបចំដោយក្រុមការងាររបស់វិទ្យាស្ថាននគរូបនីយកម្មនិងស្ថាបត្យកម្មស៊ិនជិន (UPDIS) សំដៅធ្វើឱ្យផែនការមេនេះ កាន់ តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានភាពជាក់ស្តែងនិយម និងអាចអនុវត្តបាន ក្នុងគោលដៅដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រងបៃតង (Green city) ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម, សេវាកម្ម និង ឡូសជីស្ទីកដ៏រស់រវើក នៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម វង្សី វិស្សុត លើកឡើងថា ផែនការមេនេះ គឺជាផែនការប្រកបដោយមហិច្ឆតា ដែលអាចមានបញ្ហាប្រឈមជាច្រើននៅក្នុងការអនុវត្ត។ ដូចនេះ ទាមទារនូវឆន្ទៈនយោបាយកម្រិតខ្ពស់, ការដាក់ចេញនូវគោលនយោបាយ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធត្រឹមត្រូវ ហើយជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តផែនការមេនេះឱ្យសម្រេចបានជោគជ័យ ក្នុងការប្រែក្លាយតំបន់នេះទៅជាទីក្រុងទំនើប (Cosmopolitan) ទាំងផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម, ទេចរណ៍, បច្ចេកវិទ្យា ដែលមានបរិស្ថានរស់នៅល្អប្រសើរ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំមួយនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ក្នុងឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបន្តថា ផែនការមេនេះ មានគោលបំណងប្រែក្លាយខេត្តខេត្តព្រះសីហនុ ទៅជាច្រកទ្វារជាតិ និងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញការអភិវឌ្ឍ ដោយមានផ្តោតលើវិសាលភាពយុទ្ធសាស្ត្រដូចតទៅ៖ (១).មជ្ឈមណ្ឌលឧស្សាហកម្ម និងមជ្ឍមណ្ឌលភស្តុភារកម្មសម្រាប់តំបន់អាស៊ាន, (២) មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មថ្នាក់តំបន់ និង (៣).មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានវានុវត្តន៍ថ្នាក់ជាតិ និងប្រែក្លាយទីក្រុងព្រះសីហនុ ដែលជាទីក្រុងតំបន់ឆ្នេរបស់កម្ពុជា ទៅជា៖ (១).គោលដៅទេសចរណ៍កម្រិតពិភពលោក (២).ទីក្រុងបៃតងគំរូ និងប្រកបដោយចីរភាពនៃតំបន់អាស៊ាននិង (៣).ទីក្រុងសាកល្បងថ្នាក់ជាតិ សម្រាប់ការអភិវឌ្ឍន៍ឆ្លាតវៃ៕

×