រដ្ឋធានីគៀវ៖ ស្របពេលសង្គ្រាម បានអូសបន្លាយ អស់រយៈពេល៩២ថ្ងៃ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានអះអាងថា រុស្ស៊ី បានប្រើប្រាស់គ្រឿងសព្វាវុធទំនើបៗរបស់ខ្លួន អស់ជាង៦០ភាគរយ។
សារព័ត៌មាន Ukrayinska Pravda បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែឧសភា ថា បច្ចុប្បន្ន កងទ័ពរុស្ស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ខណៈប្រើអាវុធទំនើបៗ ដែលពីមុន កាំជ្រួច២ ឬ៤ដើម ប្រហែលជាត្រូវបាញ់តែលើគោលដៅតែមួយ។ ឥឡូវនេះ គោលដៅត្រូវជ្រើសរើសយ៉ាងច្បាស់ នៅក្នុងការវាយប្រហារ ដោយកាំជ្រួចពី៨ ទៅ១២ដើម សម្រាប់គោលដៅផ្សេងៗគ្នា។ រុស្ស៊ី កំពុងតែប្រើប្រាស់កាំជ្រួចផ្លោង និង មីស៊ីល បាញ់ចេញពីលើដី ពីលើទឹក និងអាកាស សម្រាប់ត្រៀមវាយប្រហារលើគោលដៅទាំងនោះ។

បើតាមមន្រ្ដីជាន់ខ្ពស់ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានអះអាងថា កម្លាំងទាហានរុស្ស៊ី បានប្រើប្រាស់គ្រឿងសព្វាវុធទំនើបៗរបស់ខ្លួន អស់ជាង៦០ភាគរយ នៅក្នុងសង្គ្រាម អស់រយៈពេលជាង៣ខែមកនេះ។
លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិ អ៊ុយក្រែន បានថ្លែងថា «បើតាមទិន្នន័យរបស់យើង ប្រសិនបើយើងនិយាយ អំពីអាវុធទំនើបៗរបស់រុស្ស៊ី គឺកម្លាំងទាហានរបស់ក្រុងមូស្គូ បានប្រើប្រាស់ អស់ប្រហែល៦០ភាគរយ រួចមកហើយ។ យើងមើលឃើញ ពីការប្រែប្រួល ហើយយើងយល់ថា ធនធាន នៃអាវុធ និងគ្រាប់រំសេវ នៅក្នុងប្រទេសរុស្ស៊ី នៅមានដែនកំណត់។ ដូច្នេះរុស្ស៊ី នឹងមិនអាចបន្ថែមអាវុធបម្រុងទុករបស់ខ្លួន ឲ្យបានលឿននោះដែរ»។

អនុប្រធាន នាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិ អ៊ុយក្រែន ជឿថា បច្ចុប្បន្ន រុស្ស៊ី មិនមានសមត្ថភាពបំពេញឃ្លាំងស្តុកអាវុធ ដែលបានចំណាយយ៉ាងលឿន នៅក្នុងសង្គ្រាមនេះទេ។ ចំណែកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ក៏ធ្វើឲ្យឧស្សាហកម្មរបស់រុស្ស៊ី មិនអាចទទួលបាននូវសមាសធាតុនាំចូលចាំបាច់ សម្រាប់បំពាក់ដល់កាំជ្រួច មានអានុភាពខ្ពស់នោះឡើយ។ ប៉ុន្ដែជាការគួរឲ្យកត់សម្គាល់នោះ គឺអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី អែនណា ម៉ាលីយ៉ា (Anna Malyar) ធ្លាប់លើកឡើង កាលពីថ្ងៃទី៩ ខែឧសភា ថា រុស្ស៊ីនៅតែមានសមាសធាតុគ្រប់គ្រាន់ សម្រាប់បំពាក់មីស៊ីល និង មានសមត្ថភាពផលិតអាវុធទ្រង់ទ្រាយធំ។ លោកស្រី ម៉ាលីយ៉ា បានបញ្ជាក់ កាលពីចុងខែមេសា ថា រុស្ស៊ី បានបាញ់មីស៊ីល ជាង ១ ៣០០ គ្រាប់ នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN












