ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការយល់ព្រមឱ្យចុះត្រួតពិនិត្យ បង្រ្កាប ផ្ទះ ឬហាងលក់ផលិតផលដែលសង្ស័យថា ជាលទ្ធផលក្លែងក្លាយ ឬក្លែងបន្លំពាណិជ្ជសញ្ញា ឬយីហោ ពីសំណាក់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នោះ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា ប្រធានក្រុមប្រតិបត្តិការទី៤ និងមានការសម្របសម្រួលពីមន្ត្រីតុលាការ បានចុះត្រួតពិនិត្យនៅតាមទីតាំង ៣កន្លែង ដែលសង្ស័យថានាំចូលនិងចែកចាយផលិតផល សាប៊ូកក់សក់ ម៉ាក Arganmidas ក្លែងក្លាយ រំលោភលើកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនអ្នកនាំចូលត្រឹមត្រូវ។

ក្នុងចំណោមទីតាំងទាំងបីកន្លែងខាងលើនេះ សមត្ថកិច្ចចម្រុះបានរឹបអូសផលិតផលក្លែងក្លាយពីឈ្មោះ ហេង មករា (ហៅ មករា មុំ) ដែលធ្វើសកម្មភាពលួចនាំចូល និងចែកចាយផលិតផលក្លែងក្លាយ រួមមាន ÷
១- សាប៊ូកក់សក់ និងអប់សក់ ម៉ាក Arganmidas ៥៧ដប ,
២- សេរ៉ូមថែរក្សាសក់ ម៉ាក Arganmidas ៣៥ដប ,
៣- សាប៊ូការពារសក់ជ្រុះ ម៉ាក Arganmidas ៣២ដប ,
៤- សាប៊ូកក់សក់ SJB ១៩០ដប ,
៥- សាប៊ូសិតសក់ត្រង់ SJB ១៣០ដប ,
៦- ថ្នាំលាបសក់ SJB ២៨០ដប ,
៧- ឡេលាបយប់ MKM ៦០ប្រអប់ ,
៨- សេរ៉ូម MKM (Serum Vitamin24K) ១២០ដប ,
៩- ឡេការពារកំដៅថ្ងៃ MKM (SUN PROTECT)។
សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញថា ទីតាំង ៣កន្លែង ដែលបានចុះត្រួតពិនិត្យខាងលើ គឺពិតជាកំពុងលួចនាំចូល លក់ ផ្គត់ផ្គង់ និងចែកចាយផលិតផល សាប៊ូកក់សក់ ម៉ាក Arganmidas ក្លែងក្លាយ ដូចមានក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដែលនាំចូលត្រឹមត្រូវពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកលួចនាំចូល លក់ ផ្គត់ផ្គង់ និងចែកចាយផលិតផលគ្រឿងសម្អាងក្លែងក្លាយ ម៉ាក Arganmidas ដូចមានឈ្មោះ ហេង មករា (ហៅ មករា មុំ) , MKM និង SJB គ្មានចុះបញ្ជិកា គ្មានលេខប្រតិវេទន៍ពីក្រសួងសុខាភិបាលឡើយ, និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សាយ និងនាំចូលឡើយ។
មន្ត្រីតុលាការដែលចូលរួមក្នុងប្រតិបត្តិការនេះ បានឲ្យដឹងផងដែរថា ទីតាំងទាំង៣ខាងលើនេះ ត្រូវបានបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងដកហូតវត្ថុតាងដូចមានរៀបរាប់ខាងលើ បញ្ជូនទៅរក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ការបង្ក្រាប ការលួចនាំចូល លក់ ផ្គត់ផ្គង់ និងចែកចាយផលិតផលក្លែងក្លាយខាងលើនេះ គឺដើម្បីការពារដល់ក្រុមហ៊ុនស្របច្បាប់ និងការពារអ្នកប្រើប្រាស់ ចៀសវាងជួបគ្រោះថ្នាក់ដល់សុខភាព បន្ទាប់ពីប្រើប្រាស់ផលិតផលក្លែងក្លាយទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












