ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅរោងភាពយន្ត Legend Premium Exchange Square បានរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តរឿង Top Gun: Maverick ដែលផ្សព្វផ្សាយភាពយន្តហូលីវូដ បង្កប់ខ្លឹមសារអប់រំ និងបង្ហាញពីបច្ចេកវិទ្យាទំនើបក្នុងការផលិត ជាពិសេសការចែករំលែកចំណេះដឹង និងការគោរពច្បាប់កម្មសិទ្ធិបញ្ញា និងការជំរុញការច្នៃប្រឌិតបង្កើតថ្មី។
ក្នុងពេលចូលរួមកម្មវិធីចាក់បញ្ចាំងភាពយន្តរឿងខាងលើនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានមានប្រសាសន៍ថា ការចាក់បញ្ចាំងភាពយន្តរបស់ស្ថាតទូតអាមេរិក មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយភាពយន្តហូលីវូដដែលបង្កប់ខ្លឹមសារអប់រំ និងបង្ហាញពីបច្ចេកវិទ្យាទំនើបក្នុងការផលិតប៉ុណ្ណោះទេ តែវាក៏ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការចែករំលែក បញ្ជ្រៀបចំណេះដឹង និងការគោរពច្បាប់កម្មសិទ្ធិបញ្ញា ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករក្នុងការជំរុញការច្នៃប្រឌិតបង្កើតថ្មី។
លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា W. Patrick Murphy បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីភាពយន្តនេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយ និងបញ្ជ្រៀបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់យុវជនកម្ពុជា។ ភាពយន្តរឿង Top Gun: Maverick បានផលិតលើកដំបូងកាលពីឆ្នាំ១៩៨៦ ដែលសម្តែងដោយតារាហូលីវូដល្បីឈ្មោះ លោក Tom Cruis៕