Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងប្រមើលមើលផ្ដល់កម្ចីឥណទានទៅកាន់ជនបទដាច់ស្រយាល

spot_img

ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានប្រាប់ក្រុមអ្នកព័ត៌មានក្នុងស្រុក ឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ថា កម្ចីឥណទាន ៥០លានដុល្លាររបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដំណាក់កាលទី២នេះ លោកនឹងបន្តអនុវត្តផ្តល់កម្ចីឥណទាននេះ ទៅកាន់តំបន់ដាច់ស្រយាលតូចៗ ដែលខ្ញុំបានចុះទៅដល់ខេត្តឆ្ងាយៗ ដូចជា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ជាដើម ដើម្បីឱ្យទទួលបានផលប្រយោជន៍ ពីការដាក់ចេញនូវគោលនយោបាយហិរញ្ញប្បទាននេះ ចំគោលដៅ និងប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត កៅ ថាច បានឱ្យដឹងថា ក្នុងចំណោមមូលនិធិចំនួន ៥០លានដុល្លារ ដំណាក់ទី២ របស់រាជរដ្ឋាភិបាល ផ្តល់ជូនធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ឆ្នាំ២០២២នេះ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់កម្ចីដល់ម្ចាស់អាជីវកម្ម សហគ្រាស សិប្បកម្ម ឬអ្នកប្រកបរបរក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃ ប្រមាណជាង ១០០នាក់(ស្ថាប័ន) ក្នុងទំហំទឹកជាង ១០លានដុល្លារ និងកំពុងបន្តពិនិត្យ វាយតម្លៃ ទៅសំណើកម្ចី ៩៧ផ្សេងទៀត ក្នុងទំហំទឹកប្រាក់ ៨លានដុល្លារ, ហើយជាបន្តបន្ទាប់ លោកនឹងទម្លាក់កម្ចីឥណទាននេះទៅកាន់តំបន់ជនបទដាច់ស្រយាលដើម្បីបង្កើតឱកាសដល់គ្រួសារអ្នកប្រកបរបស់កសិកម្មឱ្យចំគោលដៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្ដល់មូលនិធិចំនួន ១០០លានដុល្លារ ក្នុងនោះ ៥០លានដុល្លារសម្រាប់ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា និង៥០លានដុល្លារ សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់វិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ក្នុងវិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម។

មូលនិធិចំនួន ៥០លានដុល្លារបន្ថែម ក្នុងដំណាក់ទី២ សម្រាប់ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចាប់ផ្តើមផ្តល់ឥណទានដល់ម្ចាស់អាជីវកម្មសហគ្រាស សិប្បកម្ម និងអ្នកកែច្នៃ តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង៥.៥%សម្រាប់ទុនវិនិយោគ។ ធនាគារនេះបាននិងកំពុងបន្តផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសនេះ ជាបន្តបន្ទាប់ដល់សហគមន៍កសិកម្ម កសិករ និងម្ចាស់អាជីវកម្ម ដើម្បីលើកស្ទួយការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការដាំដុះបន្លែផ្លែឈើ និងការកែច្នៃផលិតកសិកម្ម លើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងគាំទ្រជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×