Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អស់រថក្រោះស៊េរីទំនើប ចាប់ផ្ដើមដាក់ពង្រាយរថក្រោះស៊េរីចាស់ៗ ក្នុងសង្គ្រាមអ៊ុយក្រែន

spot_img

រដ្ឋធានីគៀវ៖ សង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៩៣ថ្ងៃកន្លងមកនេះ គិតត្រឹម ថ្ងៃទី២៧ ខែឧសភា ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ខណៈឃើញក្រុងមូស្គូ បានបញ្ជូនរថក្រោះដែលសេសសល់ តាំងពីសម័យសង្គ្រាមលោកលើកទី២ ផលិតក្នុងអំឡុងទសវត្សរ៍៦០ មកដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ទើបបង្កឲ្យពាក្យចចាមអារ៉ាមថា រុស្ស៊ីទំនងជាអស់គ្រឿងសឹកទំនើបៗ។

លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិ អ៊ុយក្រែន បានថ្លែងថា «បើតាមទិន្នន័យរបស់យើង ប្រសិនបើយើងនិយាយ អំពីអាវុធទំនើបៗរបស់រុស្ស៊ី គឺកម្លាំងទាហានរបស់ក្រុងមូស្គូ បានប្រើប្រាស់ អស់ប្រហែល៦០ភាគរយ រួចមកហើយ។ យើងមើលឃើញ ពីការប្រែប្រួល ហើយយើងយល់ថា ធនធាន នៃអាវុធ និងគ្រាប់រំសេវ នៅក្នុងប្រទេសរុស្ស៊ី នៅមានដែនកំណត់។ ដូច្នេះរុស្ស៊ី នឹងមិនអាចបន្ថែមអាវុធបម្រុងទុករបស់ខ្លួន ឲ្យបានលឿននោះដែរ»។

ដោយឡែកសារព័ត៌មាន Army Recognition បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ថា រថក្រោះ T-62 ជាច្រើនគ្រឿង របស់រុស្ស៊ី ផលិត តាំងពីសម័យសង្រ្គាមត្រជាក់ ត្រូវបានគេថត នៅស្ថានីយរថភ្លើងមេលីតូប៉ូល (Melitopol) នាភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន ក្បែរសមរភូមិជួរមុខ នៃសង្គ្រាម អស់រយៈពេលជាងបីខែមកនេះ។ ការមើលឃើញរូបភាពរថក្រោះស៊េរីចាស់ តាំងពីសម័យសង្គ្រាមត្រជាក់ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមកើតឡើង ថាតើរថក្រោះទាំងនោះ នឹងត្រូវដាក់ឲ្យកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់ ឬប្រគល់ឱ្យក្រុមបំបែកខ្លួន នៅក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនច្បាស់លាស់នៅឡើយ ប៉ុន្តែវត្តមានរបស់រថក្រោះ មានអាយុកាលប្រហែល៥០ឆ្នាំបែបនេះ អាចចោទជាសំណួរ អំពីរថពាសដែករបស់រុស្ស៊ី អាចនឹងអស់ពីស្ដុក បន្ទាប់ពីការខាតបង់ នៅក្នុងសង្គ្រាមអ៊ុយក្រែន អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

បើតាមវិទ្យាស្ថានអន្ដរជាតិ សិក្សាពីយុទ្ធសាស្រ្ដសង្គ្រាម បានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ី មានរថក្រោះ ១០ ០០០គ្រឿង និង រថពាសដែក ៨ ៥០០គ្រឿង នៅក្នុងស្ដុក។

សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង៣ខែកន្លងមកនេះ បានធ្វើឲ្យរុស្ស៊ី ខាតបង់គ្រឿងយុទ្ធោបករណ៍ និង សេដ្ឋកិច្ចយ៉ាងធំសម្បើម រហូតពិបាកនឹងប៉ាន់ប្រមាណ ពីព្រោះសង្គ្រាម កំពុងតែបន្ដវាយប្រយុទ្ធគ្នានៅឡើយ ហើយក៏មិនទាន់ដឹងថា ពេលណានឹងត្រូវបញ្ចប់នោះដែរ។

សារព័ត៌មាន The Kyiv Independent បានផ្សាយថា ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ រុស្ស៊ី បានខាតបង់រថក្រោះ ១ ៣០០គ្រឿង និង គ្រឿងយុទ្ធោបករណ៍ជាច្រើន ហើយបាត់បង់កម្លាំងទ័ពជាង ២៩ ០០០នាក់។

ដោយឡែក ទស្សនាវដ្ដីយោធា Sofrep ធ្លាប់បានចេញផ្សាយ កាលពីពេលកន្លងទៅថ្មីៗនេះ ថា រុស្ស៊ី បានចំណាយ៩០០លានដុល្លារ ក្នុង១ថ្ងៃ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×