Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញហិរញ្ញវត្ថុ បញ្ជាក់អំពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍

spot_img

ភ្នំពេញ ៖ ចៀសវាងការយល់ច្រឡំទៅលើកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន ដែលរាជរដ្ឋាភិបាលផ្ដល់ទឹកប្រាក់ក្នុងទំហំហិរញ្ញប្បទានសរុប ១៥០លានដុល្លារនោះ លោកស្រី នៅ សុធារី នាយិកាគម្រោងឥណទាននៃធនាគារ SME Bank បានបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាននេះ មិនមែនសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មី ឬក៏ដើម្បីបង្កើតសាខាថ្មីនោះទេ គឺសម្រាប់តែអាជីវកម្មចាស់ដែលបានទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះរបស់ លោកស្រី នៅ សុធារី ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយអំពី នីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន ដើម្បីស្ដារអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងធនាគារសហគ្រាសតូច និងមធ្យមកម្ពុជា (SME Bank)។

ការផ្សព្វផ្សាយអំពី នីតិវិធី និងលក្ខខណ្ឌកម្ចីនេះគឺដើម្បីបញ្ជ្រាបព័ត៌មានបន្ថែមដល់សមាគមពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាស្ថាប័នសាជីវកម្ម ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ធនាគារ SME Bank ផងដែរ។

លោកស្រីនាយិកាគម្រោងបានបន្តទៀតថា ការផ្ដល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទាននេះ គឺសម្រាប់តែម្ចាស់អាជីវកម្មទេសចរណ៍ ដែលមានបំណងជួសជុលកែលម្អទីតាំងអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីបើកដំណើរការអាជីវកម្មចាស់ៗទាំងនោះឡើងវិញ ឬក៏ធ្វើទំនើបកម្ម-ពិពិធកម្មសេវាកម្ម និងផលិតផលទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ចាស់ៗរបស់ខ្លួនដែលមានស្រាប់ សំដៅត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញក្នុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។

វិស័យគោលដៅដែលនឹងទទួលបានកម្ចីពីគម្រោងសហហិរញ្ញប្បទាននេះ រួមមាន សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, អាជីវកម្ម រមណីយដ្ឋាន ដែលផ្គត់ផ្គង់ផលិតផល-សេវាកម្មគាំទ្រឱ្យវិស័យទេសចរណ៍ ដូចជា វត្ថុអនុស្សាវរីយ៍ ម៉ាស្សា ដឹកជញ្ជូនអ្នកទេសចរជាដើម។

លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាននៃអនុក្រុមការងារគាំពារសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីមួយចំនួន ដើម្បីទ្រទ្រង់វិស័យអាទិភាពសំខាន់ៗ ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ជាដើម សរុបទំហំទឹកប្រាក់ ៣៤០លានដុល្លារ។ ដោយសារទំហំទឹកប្រាក់តិច ហើយវិសាលភាពនៃកម្ចីត្រូវបានគ្របដណ្តប់ច្រើនវិស័យ ធ្វើឱ្យវិស័យទេសចរណ៍ត្រូវបានផ្តល់អាទិភាពតិចជាងគេក្នុងការទទួលបានកម្ចីក្នុងកម្មវិធី។ ប៉ុន្តែ ក្រោយមក រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ទំហំទឹកប្រាក់ ១៥០លានដុល្លារ ដែលផ្តល់អាទិភាពលើវិស័យទេសចរណ៍ទាំងស្រុង។

សូមបញ្ជាក់ថា ម្ចាស់មូលដ្ឋានអាជីវកម្មនីមួយៗអាចខ្ចីបានរហូតដល់ ៤០ម៉ឺនដុល្លារ ជាមួយអត្រាការប្រាក់ពិសេស៦.៥%ក្នុងមួយឆ្នាំ (ទាបបំផុត) ក្នុងនោះរយៈពេលនៃការខ្ចី មានរហូតដល់៧ឆ្នាំ ទាំងកម្ចីមានកាលកំណត់ និងបង់រម្លស់។ ម្ចាស់មូលដ្ឋានអាជីវកម្មទាក់ទងវិស័យទេសចរណ៍អាចយកប្រាក់កម្ចីនេះទៅប្រើប្រាស់ជាការចំណាយមូលធន ឬជាទុនបង្វិលក្នុងអាជីវកម្មក៏បាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×