Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ផ្តល់សហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា សម្រាប់វិស័យកសិកម្មនៅកម្ពុជា

spot_img

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត” បានប្រកាសជាសាធារណៈនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះថា ធនាគារ អេស៊ីលីដា បានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាញប្រតិបត្តិការដ៏សម្បូរបែបផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្មឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្មនៅតាមជនបទ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC បានផ្តល់សហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មនៅកម្ពុជា។​ សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC​ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការពង្រីកផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។​

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១)​ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២)​ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង​ ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់   ខែមីនា ឆ្នាំ២០២២ នេះ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ ក្នុងការបំពេញតម្រូវការសម្បូរបែបរបស់ប្រទេសកំពុងអភិវឌ្ឍ នៅជុំវិញពិភពលោក។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានគោលដៅក្នុងការចូលរូមចំណែក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់ប្រជាជនជប៉ុន និងសេដ្ឋកិច្ចពិភពលោក តាមរយៈការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការស្តារវិបត្តិសេដ្ឋកិច្ចសង្គមឡើងវិញ ឬស្ថិរភាពសេដ្ឋកិច្ចតំបន់ដែលកំពុងអភិវឌ្ឍ។ ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្តល់គុណតម្លៃដល់ទំនាក់ទំនង និងទំនុកចិត្តគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ និងធ្វើការរួមគ្នាជាមួយប្រទេសទាំងនោះ ដើម្បីទប់ទល់ និងដោះស្រាយបញ្ហាប្រឈម។

​​ធនាគារ SMBC គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខមួយក្នុងសកលលោក និងជាបុត្រសម្ព័ន្ធរបស់ Sumitomo Mitsui Financial Group (SMBC Group) ដែលមានការិយាល័យកណ្តាលនៅរាជធានីតូក្យូ។ SMBC គឺជាធនាគារជប៉ុនដែលមានទ្រព្យសកម្មច្រើនបំផុត  និងមានចំណាត់ថ្នាក់ឥណទានយ៉ាងល្អ តាមរយៈបណ្តាញប្រតិបត្តិការទូលំទូលាយនៅទូទាំងពិភពលោក ដែលមានវិសាលភាពគ្រប់ដណ្តប់ជាង៤១ប្រទេស និងតំបន់ ដោយមាន១៦សាខាស្ថិតនៅក្នុងតំបន់អាស៊ី។ ធនាគារ SMBC ក៏ដូចជា SMBC Group ផ្តល់សេវាកម្មធនាគារជូនសាធារណៈជនទូទៅ សាជីវកម្ម និងការវិនិយោគ (investment bank) ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនរបស់ខ្លួន។ ធនាគារ SMBC ត្រូវបង្កើតឡើង ដោយឈរលើការផ្តល់អាទិភាពដល់អតិថិជន និងភាពងាយស្រួល ពីគ្រប់ទីកន្លែង និងនៅក្នុងតំបន់៕

spot_img
×