Thursday, June 30, 2022

ឃោសនា ៦ថ្ងៃ ៖ មានពាក្យបណ្តឹងចំនួន ៣៣ ភាគច្រើនគណបក្សប្រជាជនប្តឹងគណបក្សភ្លើងទៀនប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជន

ភ្នំពេញៈ ចាប់ពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ពោលគឺចាប់ពីថ្ងៃទី២១-២៦ ខែឧសភា ឆ្នាំ២០២២ មានពាក្យបណ្ដឹងចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ក្នុងពិធីប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ជូនថា ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀនថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្តឹង ហើយទោះបីពាក្យបណ្តឹងមានតិច ឬច្រើន ក៏បណ្តឹងនោះវាមិនធ្វើឱ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតទេ។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនា បោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖ ចេស្តារ