ភ្នំពេញ៖ក្រុមយុវជនបានធ្វើសកម្មភាពផ្សព្វផ្សាយចល័តព្យុហយាត្រា ចែកខិត្តបណ្ណ័ រាំលេងសន្តិភាពប្រឆាំងគ្រឿងញៀននៅជុំវិញកន្លែងប្រារព្ធពិធីបុណ្យអុំទូក ឆ្លើយសំណួរពីបញ្ហាគ្រឿងញៀន ដើម្បីពញ្ញាក់អារម្មណ៍ដាស់តឿនស្មារតីប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹងរឹតតែច្បាស់ហើយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀន។
កម្មវិធីដែលរៀបចំដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
ក្នុងឱកាសនោះ លោក លឹម តុងហួត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីអគ្គលេខាធិការដ្ឋានប្រឆាំងគ្រឿងញៀន មន្ទីរអប់រំរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យុវជនកាយរិទ្ធ កាកបាទក្រហម សមាគមយុវជនខ្មែរ យុវនិស្សិតខេត្តបន្ទាយមានជ័យ និងមន្ទីរវប្បធម៌ សរុប១០០នាក់។
លោកស្រី ម៉ុ ចាន់ដានី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា សកម្មភាពដែលកើតមានពេលនេះ កើតឡើងពីកម្លាំងសាមគ្គីភាព ឯកភាព សន្តិភាព ហើយមានគោលបំណងតែមួយគត់គឺពញ្ញាក់អារម្មណ៍ដាស់តឿនស្មារតីប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹងរឹតតែច្បាស់ហើយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀនដលក្រុមគ្រួសារ បងប្អូន និងមនុស្សជាទីស្រឡាញ់ ដើម្បីចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ហើយនាំកូនចៅខ្លួនដែលញៀនទៅរកសេវាព្យាបាលទាន់ពេល។
គួរបញ្ជាក់ថា៖ កម្មវិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះ នឹងប្រារព្ធធ្វើទាំងបីថ្ងៃពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំពុក និងសំពះព្រះខែ ដ៏មហាឡារឹករបស់ប្រជាពលរដ្ឋខ្មែរ៕ ដោយ៖កូឡាប