Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល លើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនី បន្ថែមទៀតនៅកម្ពុជា តាមរយៈការកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីនេះ ឱ្យស្ថិតនៅត្រឹម ៦៣ភាគរយ

spot_img

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បី​លើកទឹកចិត្ត ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយពន្ធឱ្យស្ថិតនៅត្រឹម ៦៣ភាគរយ ក្នុងការនាំចូលរថយន្តនេះ បើប្រៀបធៀបនឹងពន្ធលើរថយន្តប្រើថាមពលសាំងធម្មតា ដែលស្ថិតក្នុងអត្រាប្រមាណ ១២០ភាគរយ។

ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្រសួងកំពុងពិចារណាការបន្ធូរបន្ថយតម្លៃ នៃការចុះបញ្ជីរថយម្តអគ្គិសនីឱ្យថោកជាងរថយន្តប្រើថាមពលសាំងធម្មតា។ បន្ថែមលើសនេះ ក្រសួងបាន និងពិភាក្សាជាមួយអគ្គនាយកពន្ធដារ ក្នុងការបន្ធូរបន្ថយពន្ធផ្លូវបន្ថែមទៀតផងដែរ។

ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងកម្មវិធី MPWT LIVE SHOW  លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីចំណេញទាំងបរិស្ថាន និងសេដ្ឋកិច្ចគ្រួសារ ដោយជួយសន្សំសំចៃលើការចំណាយរហូតដល់ទៅ ៣ដង បើធៀបការប្រើរថយន្តដើរដោយប្រេងឥន្ធនៈ។

ឯកឧត្តម បានបន្តថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២២នេះ ចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានចំនួនកើនឡើងរហូតដល់ ៨០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដោយមានការកើនឡើងពីចំនួន ៩ គ្រឿង ដល់ ៨៤គ្រឿងនៅឆ្នាំ២០២២នេះ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីរួមចំណែកជួយបរិស្ថាន តាមរយៈកាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ពីរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឬហ្គាស។ ក្រសួងរំពឹងថា នឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%។

ឯកឧត្តមទេសរដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំពុលក្នុងបរិយាកាសឱ្យបាន ២៧ភាគរយនៅឆ្នាំ២០៣០ ហើយឱ្យក្លាយទៅជាការបញ្ចេញកាបូនសូន្យនៅឆ្នាំ២០៥០។ ដូចនេះការប្រើប្រាស់យានយន្តអគ្គិសនីជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុននាំចូលរថយន្តអគ្គីសនីចំនួន ៩ និងក្រុមហ៊ុននាំចូលម៉ូតូអគ្គិសនី​មួយចំនួនទៀត៕

spot_img
×