ប្រិយមិត្តជាច្រើននៅចាំបានហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ គ្រូមហាជ័យ ធ្លាប់បានអះអាងពីការបួងសួងហៅទឹកភ្លៀងដើម្បីផ្ដល់ភាពត្រជាក់ត្រជំដល់ការដេកពួន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រោះការលើកឡើងរបស់លោករូបនេះ គឺធ្វើឡើងចំពេលភ្លៀងកក់ខែប៉ុណ្ណោះ។
ក្រោយចាប់ផ្តើមល្បីឈ្មោះដោយសាររឿងហៅខ្យល់ ហៅភ្លៀង គ្រូរូបនេះក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលទៀត ដោយបានទស្សន៍ទាយថា ជំងឺកូវីដ១៩ នឹងរលាយបាត់ពី ៥ ឆ្នាំទៀត និងក៏បានអះអាងថា ខ្លួនអាចមើលឃើញនាគ នៅផ្ទៃទន្លេអរិយក្ស័តទៀតផង ដែលរហូតធ្វើឲ្យបុរសម្នាក់ ហួសចិត្តខ្លាំងពេក ក៏ខលទៅប៉ះចំកូនសិស្សគ្រូ ឈ្លោះគ្នាផ្អើល។
ទាក់ទងរឿងថាមើលឃើញនាគ ឬ ទេវតា នៅក្នុងបទសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីពេលកន្លងទៅ លោកឧកញ៉ា ឆេង ប៉េងគុណ ហៅគ្រូមហាជ័យ បានបញ្ជាក់បែបនេះថា ទេវតា ព្រាយបិសាច ឬ អ្នកតា គឺមានត្រឹមតែដួងវិញ្ញាណប៉ុណ្ណោះ មិនមែនមានរូបពិតៗស្រស់ៗដូចមនុស្សយើងទេ ដូច្នេះហើយ ទើបយើងមើលមិនឃើញ។ តែគ្រូរូបនេះ បាននិយាយថា ចំពោះអ្នកមើលមិនឃើញគឺដោយសារនិស្ស័យមិនទាន់ដល់ ហើយការបង្ហាញរូបរបស់បារមី មានច្រើនសណ្ឋាន ដូចជាតាមតាមរយៈការយល់សប្ដិឃើញច្បាស់ៗ (ឃើញតួអង្គអប្សរា ឬនាគរាជ) និងមានសំឡេងមកប្រាប់ត្រចៀក ហើយអ្នកមាននិស្ស័យ គេឲ្យឃើញស្រស់ៗតែម្តង។
ដោយឡែក កាលពីពេលថ្មីៗនេះ ខណៈពេលកំពុង Live វីដេអូទាយពីសុបិននិម្មិត ហើយមានអ្នកគាំទ្រម្នាក់បានចូលខមិនប្រាប់ថា សុបិនឃើញព្រះអាទិត្យរុំដោយពន្លឺ៧ពណ៌ស្រាប់តែលោកគ្រូ បានប្រាប់ថា ពេលនេះ ឋានទាំង៣កំពុងពិបាកចិត្ត បាតុភូតពន្លឺ៧ពណ៌ រុំព្រះអាទិត្យ គឺបញ្ជាក់បានពីឋានទាំង៣កំពុងកើតទុក្ខ កំពុងជ្រួលច្របល់ ដោយសារតែមនុស្សឋានកណ្ដាលលែងជឿ លែងគោរពឋានលើ ឋានក្រោមទៀតហើយ។
ចំណែក អ្នកគាំទ្រម្នាក់ទៀត ដែលបានយល់សប្តិឃើញទេវ៤អង្គ ជិះនាគ គ្រូក៏បានបញ្ជាក់ថា ទេវតាខ្លះមានយានជំនិះ ជាអង្គនាគរាជ និងថា បើនិយាយពីអង្គនាគរាជ បានឃើញគ្រប់គ្នាហើយ មិនចាំបាច់និយាយអ្វីច្រើនទេ ហើយទន្ទឹមនឹងមាននាគរាជ ក៏មានព្រះឥន្ទ្រព្រះព្រហ្មដែរ បើមិនមែនគេមិនដែលធ្វើរូបតំណាងទេ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






