រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ បើទោះជាបណ្ដប្រទេសបស្ចិមលោក កំពុងតែរៀបចំផែនការដាក់ទណ្ឌកកម្មលើការនាំចូលប្រេង និង ឧស្ម័នធម្មជាតិរបស់រុស្ស៊ីក្ដី ប៉ុន្ដែក្រុងមូស្គូ នៅតែសង្ឃឹមថា នឹងទទួលប្រាក់ចំណូលបន្ថែម ពីប្រេង និង ឧស្ម័ន ចំនួន១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានអះអាងថា រុស្ស៊ីរំពឹង នឹងទទួលបានប្រាក់ចំណូលបន្ថែម ពីប្រេង និង ឧស្ម័នធម្មជាតិ ចំនួន១៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ ដែលនឹងបន្ថែមទៅលើផ្នែកខ្លះ នៃចំនួនថវិកា នឹងត្រូវចំណាយ ទៅលើការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

លោក អេនតុន ស៊ីលូអេណូវ (Anton Siluanov) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ នៅក្នុងការថ្លែងសុន្ទរកថា ផ្សាយតាមបណ្ដាញទូរទស្សន៍រដ្ឋ ថា រុស្ស៊ីគ្រោងនឹងគម្រោងចំណាយ លើប្រាក់ចំណូលបន្ថែម នៅឆ្នាំនេះ ជាជាងការសន្សំទុក សម្រាប់អនាគត។ ចំណែកថវិកាលើវិស័យការពារជាតិ នឹងត្រូវចំណាយទៅលើ «ការទូទាត់បន្ថែម» សម្រាប់អ្នកចូលនិវត្តន៍ និង គ្រួសារដែលមានកូន និង ធ្វើប្រតិបត្តិការពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រោយពេលសង្គ្រាម អូសបន្លាយ អស់រយៈពេលជាង៣ខែកន្លងមកនេះ លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន នៅតែទទូចទាមទារឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើការនាំចូលប្រេង និង ឧស្ម័នធម្មជាតិទាំងស្រុង ពីប្រទេសរុស្ស៊ី។ បច្ចុប្បន្ន តំបន់អឺរ៉ុប បានចំណាយលុយ១ពាន់លានអឺរ៉ូ ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យក្រុងមូស្គូ សម្រាប់ការទិញប្រេង និង ឧស្ម័ន ហើយសកម្មភាពបែបនេះ ដូចជា ការចូលរួម ដោយផ្ទាល់ នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN







