ភ្នំពេញ ៖ ក្រុមអ្នកជំនួញ ពាណិជ្ជករ មួយចំនួន បានលើកឡើងអំពីស្ថានភាពពាណិជ្ជកម្មនៅកម្ពុជាថា មិនយូរប៉ុន្មានទេ ពេលវេលាទៅមុខប្រមាណ ៥ឆ្នាំ ទៀតប៉ុណ្ណោះ ផ្សារម៉ាត ឬផ្សារទំនើប (Super Marke) និងរីកដុះដាលជាច្រើន ហើយពេញនិយមសម្រាប់ពលរដ្ឋ ដោយសារតែជីវភាពរបស់ពួកគាត់ កាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយ ធ្វើឲ្យតម្រូវការនៃការប្រើប្រាស់សម្ភារៈ ផលិតផល ម្ហូបអាហារ មានការផ្លាស់ប្តូរឆ្ពោះទៅពង្រឹងអានាម័យ គុណភាព និងសុខភាព។
ជាក់ស្ដែង បច្ចុប្បន្ននេះ ផ្សារទំនើប ឬ Super Market ទាំងប្រេនក្នុងស្រុក និងប្រេនបរទេស កំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីចាប់យកកាលានុវត្តភាពនេះ, ដូច្នេះ គេសម្លឹងឃើញថា ផ្សារម៉ាត ឬ Super Market នៅក្នុងប្រទេសកម្ពុជា នឹងមានការរីកដុះដាលខ្លាំង នៅក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខទៀត ព្រោះថា កត្តាសេដ្ឋកិច្ចកម្ពុជា ក៏មានការបន្ដកើនឡើង និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏កាន់តែមានភាពធូរធារ។

លោកឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fandbee) ដែលមានបទពិសោធន៍ផ្សារម៉ាត និងជាអ្នកនាំចូលប្រេនម៉ាតមកពីម៉ាឡេស៊ី បានលើកឡើងថា ការរីកចម្រើនផ្នែកផ្សារម៉ាត ឬក៏ Super Market គឺដោយសារតែទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ជាទីផ្សារកំពុងអភិវឌ្ឍន៍ ដោយសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមបើកឡើងវិញ និងស្ថានភាពសន្តិភាពនៅកម្ពុជាធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ដើរហើរច្រើន ហើយនៅពេលដែលមានជីវភាពធូរធារ ការចំណាយមុនដំបូង គឺជាចំណីអាហារ ម្ហូបអាហារឆ្ងាញ់ៗមានអនាម័យ គុណភាព និងជីវជាតិជួយដល់សុខភាព។

លោកឧកញ៉ា ច័ន្ទ តារា បានបង្ហាញថា បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង ផ្សារម៉ាតក្នុងប្រទេសកម្ពុជា គឺនៅមានចំនួនតិចនៅឡើយនាពេលបច្ចុប្បន្ន, ដូច្នេះ ផ្សារទំនើបដែលមានទំហំតូចល្មម ឬហៅថា ម៉ាត (Mart) នឹងរីកដុះដាលកាន់ខ្លាំងនៅកម្ពុជា ដើម្បីបំពេញតម្រូវ និងបង្កភាពងាយស្រួលដល់អតិថិជន ខណៈដែលផ្សារប្រភេទនេះ កំពុងពង្រីកខ្លួនកាន់តែច្រើន នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗមួយចំនួន។ វត្តមានផ្សារទំនើបលក់រាយខ្នាតតូច មិនត្រឹមតែផ្តល់ចំណូលដល់សេដ្ឋកិច្ច តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែរាល់ទំនិញដែលបានដាក់លក់សុទ្ធមានស្តង់ដារ គុណភាព ទទួលស្គាល់ពីក្រសួងជំនាញ ជាពិសេសម្ហូបអាហារ ដើម្បីធានាថា អ្នកប្រើប្រាស់នឹងមិនប៉ះពាល់សុខភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








