ភ្នំពេញ ៖ ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រជាតិ ស្តីពី ការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នៅសណ្ឋាគាភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២, លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញថា តាមរបាយការណ៍របស់កម្មវិធីជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ នៅកម្ពុជាមានអត្រានៃភាពពិការភ្នែក បានធ្លាក់ ចុះពី០.៣៨ % មក ០.៣៧ % ក្នុងចំណោមពលរដ្ឋទូទៅ និង ២.៨ % មក ២.៥ % ចំពោះពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ។

សិក្ខាសាលា ស្តីពី ការគ្រប់គង និងបង្ការភាពពិការភ្នែកនេះ មានការចូលរួមដោយ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំកម្ពុជា ប៉ាប្លូ កាំង (Pablo Kang), លោកប្រធាននាយកដ្ឋានទាក់ទងនឹងសុខភាពភ្នែក, តំណាងរដ្ឋបាលរាជធានី-ខេត្តប្រធានមន្ទីរសុខាភិបាល ប្រធានអង្គការជាតិ និងអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរពេទ្យ ប្រធានអគារចក្ខុរោគ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេងបានថ្លែងថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយបន្ថែមទៀត របស់កម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់សេវាសុខភាពភ្នែកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីនេះប្រទេសកម្ពុជា បានសំរេចនូវសមិទ្ធិផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម រឺជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ២០១៥មកម៉្លេះ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះសម្រាប់ប្រជាជនកម្ពុជា ជាពិសេសមនុស្សចាស់ដែលមានកំណើនកាន់តែច្រើនឡើងៗ ហើយក៏ជួយលើកមុខមាត់ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់ដែលអត្រាភាពពិការភ្នែកកម្រិតទាបជាងប្រទេសជិតខាងគួរឱ្យមោទនៈ។ ក្រៅពីនេះផែនការយុទ្ធសាស្ត្រនេះ មានធាតុចូលយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២២- ២០៣០ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ របស់ក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











