Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពនៅមីយ៉ាន់ម៉ា ÷ តួអង្គពាក់ព័ន្ធកំពុងត្រៀមជួយជ្រោមជ្រែងតាមរយៈក្របខណ្ឌអាស៊ាន ធ្វើឱ្យមីយ៉ាន់ម៉ា មានប្រក្រតីភាពឡើងវិញ

ភ្នំពេញ ៖ លទ្ធផលបង្រួបបង្រួម ស្វែងរកសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា បានឈានដល់ប្រេសិតពិសេសអាស៊ានរបស់កម្ពុជា ជួបពិគ្រោះយោបល់ជាមួយឥស្សរជនសំខាន់ៗ ៤ក្រុមផ្សេងគ្នា រួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC), តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អង្គទូត និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ, ហើយថា មេដឹកនាំមីយ៉ាន់ម៉ា និងតួអង្គពាក់ព័ន្ធ ត្រៀមជួយជ្រោមជ្រែងដល់ប្រទេសនេះតាមរយៈក្របខណ្ឌអាស៊ាន ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។

នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងជំនួបប្រជុំតាមប្រព័ន្ធវីដេអូ, ហើយលោកឧបនាយករដ្ឋមន្ត្រី បានរាយការណ៍ផ្តល់ព័ត៌មាន ជូនប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសគ្រីនហ្វៀល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា តួអង្គទាំងអស់បានលើកឡើងដូចៗគ្នាអំពីសេចក្ដីប្រាថ្នាចង់ឲ្យប្រទេសមីយ៉ាន់ម៉ាធ្វើទៅរកភាពប្រក្រតីឡើងវិញ, និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋានដែលជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ តួអង្គយោបាយផ្សេងៗគ្នានៅប្រទេសមីយ៉ាន់ម៉ា គួរប្រកាន់ជំហរបើកចំហបន្ថែមទៀតសម្រាប់ការសន្ទនាក្នុងន័យស្ថាបនាដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលអំណោយផលដល់ដំណើរការសន្តិភាពប្រកបដោយបរិយាបន្ន និងអាចទុកចិត្តបាននៅមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន សង្កត់ធ្ងន់ថា កម្ពុជានៅតែប្ដេជ្ញា និងត្រៀមខ្លួនជានិច្ចធ្វើជាអ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា៕ ពិសិដ្ឋ CEN

×