ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិជប៉ុនម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀនចំនួន ជិត២ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅ ប្រទេសជប៉ុន ប្រព្រឹត្ត នៅក្នុង ឆ្នាំ ២០២០ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ៖ NONAKA SHUNICHI ភេទ ប្រុស អាយុ ៧២ ឆ្នាំ ជាជនជាតិជប៉ុន ។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ NONAKA SHUNICHI ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់ប្តឹងឧទ្ធរណ៍ខណ:ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១,៧គីឡួក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ចន្ទា ភា



