ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុប្រធាន សមាជិកជាច្រើនរូប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា ក្រៅពីប្រធាន ដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នហើយនោះ អនុប្រធាន និងសមាជិក សរុបទាំងចំនួន៩រូប ក៏ត្រូវបានព្យួរសិទ្ធិបោះឆ្នោតដូចគ្នានេះដែរ។

សេចក្ដីសម្រេចដដែលបានឲ្យដឹងថា អ្នកដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតទាំង៩នាក់រួមមាន ៖ ១) ឯកឧត្តម ប្រាជ្ញ ចន្ឌ , ២) លោក នុត សុខុម , ៣) លោក មាន សទិ , ៤) លោក ឌឹម សុវណ្ណារុំ , ៥) លោក ឌុច សុន , ៦) លោក ហ៉ីង ធិឫទ្ធិ , ៧) លោក ឯម សុផាត , ៨) លោក ហ៊ែល សារ៉ាត់ , ៩) លោក ហង្ស ពុទ្ធា។
បន្ថែមលើសេចក្តិសម្រេចរបស់ខ្លួន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នេះ គឺធ្វើឡើងតាមច្បាប់ស្តីពីការបង្កើតស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព ហើយប្រធាន អនុប្រធាន និងសមាជិកទាំង៩រូប ក្រោយពេលឈប់តួនាទី សមាជិក គ.ជ.ប រយៈពេល២ឆ្នាំ គឺមិនអនុញ្ញាតឱ្យចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សណាមួយនោះទេ។
អ្នកនាំពាក្យរូប នេះ បានបញ្ជាក់ថា ដោយឡែកព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់មានសិទ្ធិ ប៉ុន្តែព្រះអង្គទាំងពីរ ទ្រង់ក៏មិនយាងទៅបោះឆ្នោតដែរ។
គួរជម្រាបថា ការព្យួរសិទ្ធិបោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដើម្បីធានាដល់អព្យាក្រឹត្យដល់ដំណើការ នៃការបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






