ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង រដូវបិទនេសាទ ឆ្នាំ២០២២។
-យោងព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ជលផល -យោងព្រះរាជក្រមលេខ នស/រកម/១១១៧/០១៥ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល -យោងប្រកាសលេខ៤៥៨ ប្រក.កសកចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្តីពីការកែសម្រួលប្រកាសលេខ១២៩ប្រក. កសក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុង ដេននសាទទឹកសាប និងដែននេសាទសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
-ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន – បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ -ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺនិងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារដែលមានចែងក្នុង ប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងអ្នកនេសាទទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ អនុវត្តតាមសេចក្តីជូនដំណឹងនេះ ជាពិសេសអនុវត្តតាមអនុសាសន៍ទាំង៧ចំណុចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្លួន ដើម្បីថែរក្សាការពារធនធាន ជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















