ភ្នំពេញ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» វគ្គទី២ ដែលសហការរៀបចំឡើងរវាងក្រសួងយុត្តិធម៌ និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលតំណាងដោយ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា និងក្រោមមូលនិធិឧបត្ថម្ភរបស់ INL Fund សហរដ្ឋអាមេរិក។
សិក្ខាសាលាពិគ្រោះយោបល់ វគ្គទី២នេះរៀបចំឡើងបន្ទាប់ពីសិក្ខាសាលាវគ្គទី១ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ហើយវគ្គទី២នេះ គឺរៀបចំសម្រាប់ចៅក្រម ព្រះរាជអាជ្ញា ចំនួន ៦០រូបផ្សេងទៀត ដែលអញ្ជើញមកពី សាលាដំបូងរាជធានី ខេត្ត ចំនួន២៥ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺទី៣០-៣១ ខែឧសភា ឆ្នាំ២០២២។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះវគ្គទី២នេះ គឺដើម្បីប្រមូលមតិ យោបល់ ចំណេះដឹងបទពិសោធន៍ជោគជ័យល្អៗ បន្ថែមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញាចំនួន៦០រូបបន្ថែមទៀត ដើម្បីឲ្យធាតុចូលទៅក្នុងសេចក្តីព្រាង គោលការណ៍ណែនាំក្នុងការដោះស្រាយ រឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា កាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ។ ឯកសារគោលការណ៍ណែនាំនេះ នឹងក្លាយជាឯកសារជំនួយដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ សម្រាប់ដោះស្រាយរឿងក្តីជួញដូរសត្វព្រៃខុសច្បាប់ ដែលទើបតែត្រូវបានបង្កើតដំបូងឲ្យមានឡើងនៅក្នុងប្រវត្តិនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។
ខ្លឹមសារដែលត្រូវយកមកពិគ្រោះយោបល់ផ្ដោតជាចម្បងលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការចោទប្រកាន់និងការផ្ដន្ទាទោស ក្នុងរឿងក្តីជួយដូរសត្វព្រៃដែលក្នុងនោះមានដូចជា តួនាទីសកម្មរបស់ព្រះរាជអាជ្ញាក្នុងការដឹកនាំសម្របសម្រួលកិច្ចស៊ើបអង្កេត ការរៀបចំផែនការច្បាស់លាស់និងការគ្រប់គ្រងហានិភ័យនៃកិច្ចស៊ើបអង្កេត ដើម្បីធានាដល់ការចោទប្រកាន់ ក៏ដូចជាការការពារក្តីនាពេលសវនាការ ក្នុងនោះក៏រួមបញ្ចូលទាំងការប្រើប្រាស់អ្នកជំនាញផ្នែកសត្វព្រៃផងដែរ។

លោកជំទាវអនុរដ្ឋលេខាធិការ បានជំរុញនិងលើកទឹកចិត្ត លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អោយខិតខំយកចិត្តទុកដាក់ ប្រមូលពូនផ្តុំនូវរាល់ចំណេះដឹង និងបទពិសោធន៍ល្អៗនិងជោគជ័យនាពេលកន្លង ដើម្បីមកចាក់បញ្ចូលជាធាតុចូលចាំបាច់ និងមានសារៈសំខាន់ ក្នុងការរៀបចំបង្កើតខ្លឹមសារគោលការណ៍ណែនាំ អំពីការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា ដែលនឹងត្រូវចងក្រងជាសៀវភៅណែនាំ សម្រាប់ជាឯកសារជំនួយដល់ការអនុវត្តការងាររបស់ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញា ទាំងអស់នៅក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







