Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ចំណាយថវិកាជាតិ ជាង១០០ពាន់លានដុល្លារ លើវិស័យយោធា

រដ្ឋធានីប៊ែរឡាំង៖ ចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលឈ្លាន នៅក្នុងប្រទេសអ៊ុយក្រែន នោះមក អាល្លឹម៉ង់ បានចាប់ផ្ដើម គិតគូរឡើងវិញ លើការគំរាមកំហែង មកពីប្រភពខាងក្រៅ ហើយគណបក្សនានារបស់អាល្លឺម៉ង បានឯកភាពគ្នា ជំរុញឲ្យរដ្ឋាភិបាលក្រុងប៊ែរឡាំង បង្កើននូវការចំណាយលើវិស័យយោធា រហូតដល់ជាង១០៧ពាន់ដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ថា បើតាមកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យក្រុងប៊ែរឡាំង សម្រេចបាននូវគោលដៅរបស់អង្គការណាតូ នៅក្នុងការចំណាយ ចំនួន២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់វិស័យការពារជាតិ ជាមធ្យម សម្រាប់រយៈពេលច្រើនឆ្នាំ។

គណបក្សចម្រុះ គ្រប់គ្រងអំណាចរបស់ប្រទេសអាល្លឺម៉ង់ និង គណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសមហាសេដ្ឋកិច្ចកំពូល នៅតំបន់អឺរ៉ុបនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ឆ្ពោះទៅមុខ ជាមួយនឹងការជំរុញ នៅក្នុងការចំណាយ លើវិស័យការពារជាតិ ដែលអធិការបតី លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) បានប្រកាស កាលពី៣ខែមុន។

ជាមួយគ្នានេះដែរ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) កាលពីថ្ងៃចន្ទ បានស្វាគមន៍ដល់កិច្ចព្រមព្រៀងនេះ ដោយគាត់បានអះអាងថា «នេះជាចម្លើយដ៏ត្រឹមត្រូវ ចំពោះបរិបទមួយ ដែលបានចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន»។

មេដឹកនាំអាល្លឺម៉ង់ បានបញ្ជាក់ ៣ថ្ងៃ ក្រោយពេលរុស្ស៊ីបានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា អាល្លឺម៉ង់នឹងផ្តល់កញ្ចប់ថវិកា ចំនួន១០០ពាន់លានអឺរ៉ូ ឬស្មើនឹង១០៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់មូលនិធិ ពិសេសសម្រាប់វិស័យយោធារបស់ខ្លួន និង បង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន លើសពី ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។

ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ថា លោកអធិការបតីអាល្លឺម៉ង់ បានថ្លែង នៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងហែនណូវើរ (Hannover) កាលពីថ្ងៃចន្ទ ថា «កងកម្លាំងប្រដាប់អាវុធរបស់សហពន្ធន៍អាល្លឺម៉ង់ នឹងត្រូវបានពង្រឹងឡើង។ វិស័យយោធា នឹងស្ថិតក្នុងទីតាំងមួយ ដើម្បីបំពេញបេសកកម្មការពារជាតិរបស់ខ្លួន ឱ្យបានល្អជាងពេលណាៗទាំងអស់ ហើយកងទ័ព នឹងអាចចូលរួមចំណែក នៅក្នុងអង្គការណាតូ ផងដែរ ។ ដូច្នេះយើងអាចការពារខ្លួនបានគ្រប់ពេលវេលា ប្រឆាំងនឹងការវាយប្រហារ មកពីខាងក្រៅ»។

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា «សកម្មភាពយោធាទាំងនេះ នឹងរួមចំណែកដល់សន្តិសុខរបស់អាល្លឺម៉ង់ និង អឺរ៉ុប។ នេះជាចម្លើយដ៏ត្រឹមត្រូវ សម្រាប់បរិបទ ដែលចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×