ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ យុវជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវ: ទៅលើក្មេងស្រីម្នាក់អាយុ១៦ ឆ្នាំ ប្រព្រឹត្តនៅក្នុងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ៖ វេន តិយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។

ចំណែកឯ ជនរងគ្រោះជាកុមារីម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : « រំលោភសេពសន្ថវះ « តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។ តុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៩ នៅនៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
តុលាការកំពូលនឹងប្រកាស សាលដីកានៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

