ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មាននៅថ្ងៃទី២១ខែមករានេះ ឲ្យដឹងថា សន្តិសុខថាមពល និងការអភិវឌ្ឍធនធានធម្មជាតិដោយមានការទទួលខុសត្រូវ អាចជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនាមជាប្រទេសផលិតធនធាន និងថាមពលដ៏សំខាន់ អូស្ត្រាលី និងធុរកិច្ចអូស្ត្រាលី ធ្វើការជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីពង្រឹងសន្តិសុខថាមពល និងលើកកម្ពស់ការអភិវឌ្ឍគម្រោងធនធានធម្មជាតិឲ្យមានសុវត្ថិភាព ចីរភាព និងប្រសិទ្ធភាព។ ការងារនេះបង្កើតអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍មូលដ្ឋាន រួមមាន ការបង្កើតការងារ ប្រាក់ចំណូលពីការបង់ពន្ធ និងការបណ្តុះបណ្តាលជំនាញ។
កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញជួប ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជោគជ័យរវាងអូស្ត្រាលី និងកម្ពុជា និងពីរបៀបពង្រឹងកិច្ចសហការនេះបន្ថែមទៀតនាពេលអនាគត។ រក្សាសិទ្ធដោយ៖សុទ្ធលី



