ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពលោកយាយម្នាក់ បាននាំយកក្រមា និងខ្សែគោមួយចង្វាយទៅ «កាដូ» ជូនចៅប្រុសរបស់គាត់ ដល់អាមេរិក នៅថ្ងៃចៅប្រុសបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសភាយោធាអាមេរិក។ ប៉ុន្តែ នៅពេលដឹងរឿងនេះ នោះគ្រប់គ្នាពិតជារំជួលចិត្តតែម្តង។
កូនខ្មែរដែលទទួលបានជោគជ័យ ក្នុងការសិក្សានៅទឹកដីអាមេរិករូបនេះ ដែលមានឈ្មោះ ម៉ូន ពេជ្រ (Moon Pich) បានបង្ហោះសាររៀបរាប់ពីកាដូក្រមា ខ្សែគោ ដែលលោកយាយរបស់ខ្លួនរក្សាទុកជាអនុស្សាវរីយ៍ ដើម្បីទុកជាការចងចាំ បង្កប់ក្នុងអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅដូច្នេះថា៖ «អនុស្សាវរីយ៍នៃជីវិត ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។
ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។
លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។
ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







