រដ្ឋធានីបាគូ (Baku)៖ ការលើកកងទ័ពរបស់រុស្ស៊ី ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បាន និង កំពុងតែបង្កើតនូវការលើកទឹកចិត្ត និង មានតម្រូវការថ្មីបន្ថែមទៀត សម្រាប់ចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសហភាពអឺរ៉ុប និង ប្រទេសអាហ្សែបៃហ្សង់ (Azerbaijan) ។
សារព័ត័ត៌មាន Aze.media បានដកស្រង់ប្រភពពីសារព័ត៌មាន The National Interest យកមកចុះផ្សាយ កាលពីថ្ងៃទី៣០ ខែឧសភា ថា លោក ផេធើរ មីឆាលកូ (Peter Michalko) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅក្នុងប្រទេសអាហ្សែបៃហ្សង់ បានថ្លែង នៅក្នុងព្រឹត្តិការណ៍មួយ ឧទ្ទិសដល់ទិវាអឺរ៉ុប ថ្ងៃទី១២ ខែឧសភា នៅក្នុងរដ្ឋធានីបាគូ (Baku) ថា បច្ចុប្បន្ន ប្រទេសអាហ្សែបៃហ្សង់ និង សហភាពអឺរ៉ុប កាន់តែខិតជិតគ្នា ជាងពេលណាៗទាំងអស់។

បើតាមលោក អែហ្គីឌីជូស ណាវីកាស (Egidijus Navikas) ឯកអគ្គរដ្ឋទូត លីទុយអានី បានឲ្យដឹងថា ទំនាក់ទំនង រវាងអាហ្សែបៃហ្សង់ និង សហភាពអឺរ៉ុប កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង បន្ទាប់ពីសង្គ្រាមការ៉ាបាក (Karabakh) លើកទី២ ផ្ទុះឡើង នៅឆ្នាំ២០២០ ដោយសារក្រុមហ៊ុនអឺរ៉ុប បានចូលរួមយ៉ាងសកម្ម នៅក្នុងការងារកសាងឡើងវិញ នៅក្នុងទឹកដី ដែលបានរំដោះ ចេញពីការកាន់កាប់របស់ប្រទេសអាមេនី។ សហភាពអឺរ៉ុប កំពុងតែដើរតួ ជាអ្នកសម្រុះសម្រួលដ៏មានឥទ្ធិពល នៅក្នុងការបង្កើតនូវទំនាក់ទំនងសន្តិភាព រវាងប្រទេសអាហ្សែបៃហ្សង់ និង អាមេនី។ ផលវិបាក នៃការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ជាពិសេស ភាពតានតឹងផ្នែកនយោបាយ នៅក្នុងតំបន់។ ការគំរាមកំហែងផ្នែកសន្តិសុខ និងបញ្ហាប្រឈមនឹងការរំខានដល់ផ្លូវតភ្ជាប់ជាប្រពៃណី និង វិបត្តិថាមពលនៅអឺរ៉ុប បានបង្កើតនូវការលើកទឹកចិត្ត ហើយមានតម្រូវការថ្មីបន្ថែមទៀត សម្រាប់ចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសហភាពអឺរ៉ុប (EU) និង ប្រទេសអាហ្សែបៃហ្សង់។
មូលដ្ឋាន សម្រាប់ទំនាក់ទំនងទាំងនេះ មានច្រើនស្រទាប់ និង មានសុជីវធម៌។ អាហ្សែបៃហ្សង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយសមាជិកចំនួន៩ ក្នុងចំណោម២៧ប្រទេស នៃសហភាពអឺរ៉ុប និង បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសទាំងនោះថែមទៀតផង។

ជាមួយនឹងទំហំពាណិជ្ជកម្ម ប្រចាំឆ្នាំ ចំនួន១៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសអាហ្សែបៃហ្សង់ ដែលស្មើនឹងប្រហែល៤៥ភាគរយ នៃពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ ហើយស្មើនឹង ២ភាគ៣ នៃពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ជាមួយតំបន់កូកាសខាងត្បូង (South Caucasus) ទាំងមូល។ សហភាពអឺរ៉ុប ជាអ្នកវិនិយោគដ៏ធំ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាហ្សែបៃហ្សង់ ដោយបានបណ្តាក់ទុនមានទឹកប្រាក់ រហូតដល់ទៅ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងគម្រោងផ្សេងៗគ្នា នៅក្នុងប្រទេសអាហ្សែបៃហ្សង់។
សាធារណរដ្ឋកូកាសខាងត្បូង ផ្គត់ផ្គង់ប្រហែល៥ភាគរយ នៃតម្រូវការប្រេងរបស់សហភាពអឺរ៉ុប ហើយនាំចេញឧស្ម័ន ទៅកាន់ទីផ្សារអឺរ៉ុប ចាប់តាំងពីឆ្នាំ២០២០មក។ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ប្រទេសអាហ្សែបៃហ្សង់ បានចាប់ផ្តើម នាំចេញឧស្ម័ន ទៅកាន់អឺរ៉ុប តាមរយៈច្រករបៀងឧស្ម័នភាគខាងត្បូង (ហៅកាត់ SGC) ដែលជាគម្រោង មានតម្លៃ៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។ បើទោះជាចំណែក នៃការនាំចេញឧស្ម័នរបស់អាហ្សែបៃហ្សង់ មានតិចជាង២ភាគរយ នៅក្នុងការនាំចូលឧស្ម័នទាំងមូលរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សកម្មភាពនេះ រក្សាបាននូវសារៈសំខាន់ ជាយុទ្ធសាស្រ្ត សម្រាប់ក្រុមហ៊ុននាំចូលមួយចំនួន នៅអឺរ៉ុបខាងកើតផងដែរ។

ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់សហភាពរ៉ុប ដើម្បីកាត់បន្ថយនូវការពឹងផ្អែក ទៅលើឧស្ម័នរបស់ប្រទេសរុស្ស៊ី នោះ ការនាំចេញឧស្ម័នរបស់អាហ្សែបៃហ្សង់ ត្រូវគេមើលឃើញថា ជាជម្រើសមួយផងដែរ។ ជាឧទាហរណ៍ ផែនការដប់ចំណុច សម្រាប់ការកាត់បន្ថយនូវការពឹងផ្អែករបស់អឺរ៉ុប លើឧស្ម័នរបស់ប្រទេសរុស្ស៊ី ដែលស្នើឡើង ដោយទីភ្នាក់ងារថាមពលអន្តរជាតិ រួមមាន អាហ្សែបៃហ្សង់ ក៏ជាប្រភពជំនួស ស្ថិតក្នុងបរិបទនេះផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីបាគូ នោះ មន្ត្រីអឺរ៉ុបកំពុងតែស្វែងរកឱកាស សម្រាប់ការបង្កើននូវការនាំចេញឧស្ម័នរបស់ប្រទេសអាហ្សែបៃហ្សង់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសន្យាថា នឹងផ្តល់នូវលទ្ធផលជាវិជ្ជមាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ភាគីទាំងពីរ បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN













