ភ្នំពេញ៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤ល្ងាច នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ “អភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម” ហៅកាត់ថា (ក.ជ.ថ.ស.ប) ជាភាសាអង់គ្លេសហៅថា “Taskforce to develop and manage Primary Health Care Booster Implementation Framework (T.P.H.C Booster)” បានទទួលស្វាគមន៍ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងសហការី និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា ព្រមទាំងសហការី និងមានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអញ្ជើញចូលរួមផងដែរ។

ជំនួបកិច្ចពិភាក្សានេះ ក្នុងគោលបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម និងដំណើរការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ព្រមទាំងស្វែងរកនូវចំណុចរួមគ្នាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារ ក.ជ.ថ.ស.ប របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ ក្នុងការអនុវត្តន៍ក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា ដោយផ្អែកលើលទ្ធផលបានមកពីការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តសម្រាប់ជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលនឹងត្រូវធ្វើឡើងដោយក្រុមការងារខាងលើនេះ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាមួយចំនួនពីអង្គការសុខភាពពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ បានជម្រាបជូនអង្គប្រជុំ ប្រកបដោយការសំដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅរកអ្វីប្រៀបផ្ទឹមពុំបាន ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីជ្រោះ មរណៈនៃការរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា និងបេះដូងមនុស្សធ៌មដ៏ពិត ប្រាកដរបស់ សម្តេចតេជោ ក្នុងការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ដោយរដ្ឋជាអ្នកចេញថ្លៃទាំងស្រុង ជូនដល់ប្រជាជនទូទៅដោយមិនប្រកាន់ឋានៈ ពូជសាសន៍ ព័ណសម្បុរ ឬគណបក្សនយោបាយនោះឡើយ ដែលបានអនុញ្ញាតឱ្យមានការបើកដំណើរការប្រទេស និងសេដ្ឋកិច្ចសង្គមឡើងវិញ ហើយក៏បាន ផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបគ្នា បន្តធ្វើកិច្ចការសំខាន់ៗសម្រាប់សង្គម និងលើកស្ទួយសុខភាព សុខមាលភាពប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម ដែលនៅក្នុងន័យនេះ លោក ជំទាវរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានលើកផ្តោតទៅលើចំនុចសំខាន់ចំនួន ៥ គឺ៖ទី១ភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំប្រទេស៖ គំនិត ទិសដៅយុទ្ធសាស្ត្រ និងអភិក្រមផ្សេងៗនៃការធ្វើ ដំណើរក្នុងផ្លូវដ៏វែងឆ្ងាយសម្រាប់ការជំរុញបង្កើនការថែទាំសុខភាពបឋម (Cambodia | PHC Booster journey) ត្រូវបានដឹកនាំ និងធ្វើជាម្ចាស់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមាន ការពិភាក្សាផ្ដល់អនុសាសន៍ជាយុទ្ធសាស្ត្រ និងការគាំទ្របច្ចេកទេសយ៉ាងរឹងមាំ ពីអង្គការសុខភាពពិភព លោក ដែលជាភ្នាក់ងារឈានមុខផ្នែកសុខភាពតាំងពីឆ្នាំ ២០២១ កន្លងមក។

ក្នុងនាមជាប្រទេសសមាជិក មួយរបស់អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា បានចូលរួមសន្និសីទពិភពលោក និង សេចក្ដីប្រកាសរួមអន្តរជាតិនៃទីក្រុងអាស្តាណា ស្ដីពីការថែទាំសុខភាពបឋម ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអាស្ដាណា (Astana) នៃប្រទេសកាហ្សាក់ស្តង់ (Kazakhstan និងក្នុងអំឡុងពេលឆ្លើយតបទៅនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ព្រមទាំង ស្របពេលដែលមានការជជែកពិភាក្សាគ្នាជាច្រើន ក្នុងកំឡុងពេលពេលបេសកកម្មរួមគ្នាទៅកាន់ បណ្តាខេត្តស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជារវាងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំ កម្ពុជា បានចាប់ផ្ដើមរិះរកគំនិត និងសកម្មភាពជំរុញបង្កើនការងារថែទាំសុខភាពបឋម ដោយរៀនសូត បទពិសោធន៍ពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈៀសវៃប្រកបដោយប្រសិទ្ធិភាព អស្ចារ្យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជា ជនកម្ពុជានាពេលអនាគត។
ជាលទ្ធផលមកដល់ពេលនេះ ក្រសួងសុខាភិបាល បានសម្រេចបង្កើតក្រុម ការងារបច្ចេកទេសស្នូល ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាព បឋម ដែលហៅកាត់ថា (ក.ជ.ថ.ស.ប) ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បាននឹងកំពុងទទួលស្គាល់ ដោយការធ្វើកិច្ចសហការយ៉ាងជិត ស្និទ្ធព្រមទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោក ដែលជាទី ភ្នាក់ងារឯកទេសសុខភាពរបស់អង្គការសហប្រជាជាតិ ក្នុងការជួយគាំទ្រលើកិច្ចការសុខភាពនានា រួមទាំង ការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបទៅនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ផងដែរ។

ក្នុងនាមជាអ្នកដឹកនាំ និងភាពជាម្ចាស់ កម្ពុជា ពិតជាមានមោទនភាព និងកោតសរសើរយ៉ាងខ្លាំង ចំពោះការ ចូលរួមដ៏សកម្មរបស់ប្រជាជនកម្ពុជាលើការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការផ្ដល់អនុ សាសន៍ពីគោលនយោបាយផ្អែកលើភស្តុតាង តួនាទីក្នុងភាពជាអ្នកផ្តល់ប្រឹក្សាដឹកនាំបច្ចេកទេសនៃអង្គ ការសហប្រជាជាតិ និងវិភាគទានរបស់អង្គការសុខភាពពិភពលោកនៅក្នុងវិស័យសុខាភិបាល ត្រូវបាន ទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។
ក្រសួងសុខាភិបាល ក៏សូមកោតសរសើរចំពោះ សាមគ្គីភាព និងការគាំទ្រពីដៃគូជាច្រើន រួមទាំងអង្គការយូនីសេហ្វ ដែលបានរក្សាសន្ទុះចរន្តដ៏ល្អនៃការលើកស្ទួយសុខភាពនេះ និងការធ្វើការជាមួយគ្នា។ ក្នុងវិស័យសុខាភិបាល ក្រសួងសុខាភិបាល មានតួនាទីជាប្រធាន ហើយអង្គការសុខភាពពិភពលោក មានតួនាទីជាសហប្រធាននៃក្រុមការងារ បច្ចេកទេសសុខាភិបាល (Technical Working Group for Health in the Ministry of Health) អស់ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងបន្តទៅមុខទៀត។
ការពង្រឹងប្រព័ន្ធសុខភាពកម្ពុជា និងការថែទាំសុខភាពបឋម៖ ការផ្តោតលើការថែទាំសុខភាពបឋម ជា មូលដ្ឋានគ្រឹះឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ( UHC ត្រូវបានរួមបញ្ចូលជាធាតុមួយដ៏ សំខាន់នៃការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ២០២២-២០៣០ (HSP4) ដែលដឹកនាំ ដោយក្រសួងសុខាភិបាល។ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម “PHC.Booster’ នឹងបម្រើជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចការគ្រប ដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ក្រសួងសុខាភិបាលបានប្តេជ្ញាចិត្ត និង កំពុងអំពាវនាវឱ្យមានការវិនិយោគលើផ្នែកសុខភាពបន្ថែមទៀត ជាពិសេសលើកិច្ចការជំរុញបង្កើនការ ថែទាំសុខភាពបឋមនេះ ដែលជាដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់បញ្ហាប្រឈមសុខភាពដែលកំពុង បន្តកើតមាននាពេលអនាគតក៏ដូចជាការកើតឡើងនូវបញ្ហាជំងឺមិនឆ្លង(NCDs) និងកំណើនវ័យចំណាស់។ ការច្នៃប្រឌិតថ្មី និងសុខាភិបាលបែបឌីជីថល គឺជាផ្នែកសំខាន់មួយទៀតដែលមានចែងនៅក្នុងការអភិវឌ្ឍន៍ ផែនការយុទ្ធសុខាភិបាលទី៤ (HSP4) ហើយយុទ្ធសាស្ត្រសុខាភិបាលបែបឌីជីថល បច្ចុប្បន្នកំពុងត្រូវ បានអភិវឌ្ឍ និងអាចបញ្ចប់ឯកសារបាននាពេលខាងមុខ។
ក្រសួង សូមថ្លែងអំណរគុណជូនដល់អង្គការ សុខភាពពិភពលោកសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងការចូលរួមរបស់អង្គការដែលជា ដៃគូសុខភាពផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រសុខាភិបាលទី៤ (HSPA) និងយុទ្ធ សាស្ត្រសុខាភិបាលបែបឌីជីថលនេះ។
ការរៀនសូត្រពីជំងឺរាតត្បាតកូវីដ-១៩ សម្រាប់សុខភាពនាពេលអនាគត ៖ មានមេរៀនជាច្រើនដែល យើងបាននិងកំពុងរៀនពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ រៀនសូត្របទពិសោធន៍ជោគជ័យ និងមេរៀន ដ៏សំបូរបែបនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ដើម្បីរក្សាស្ថានភាពសន្ទុះល្អប្រសើរសម្រាប់ សុខភាព និងធ្វើអោយសុខភាពជាផ្នែកសំខាន់មិនអាចខ្វះបាននៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ប្រសិនបើសុខភាពមានហានិភ័យ ឬមានបញ្ហាទ្រុឌទ្រោម អ្វីៗគ្រប់យ៉ាង គឺនឹងមានគ្រោះថ្នាក់។ យើងដឹង ថាការថែទាំសុខភាពបានល្អជាសិទ្ធសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសហគមន៍ ហើយការអនុវត្តន៍នូវដំណោះស្រាយបញ្ហាសុខភាព និងការច្នៃប្រឌិតថ្មីបែបឌីជីថល គឺមានសារៈសំខាន់ សម្រាប់អនាគតនៃសុខភាពល្អនៅកម្ពុជា ដែលជាដំណើរការចូលរួមដ៏វែងឆ្ងាយ និងដ៏ល្អប្រសើរសម្រាប់អនាគតសុខភាពរបស់ប្រជាជនកម្ពុជា ប្រទេសកម្ពុជាគឺជាសមាជិកមួយរបស់អង្គការសុខភាពពិភព លោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ដែលបានប្តេជ្ញាចិត្ត និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍ គម្រោងការងារក្នុងតំបន់ ស្ដីពីអនាគតនៃការថែទាំសុខភាពបឋមនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច(WPRO) ដែលនឹងត្រូវបង្ហាញជូនកិច្ចប្រជុំគណៈកម្មាធិការសុខាភិបាលតំបន់ (WHO-RCM) របស់អង្គការសុខភាព ពិភពលោក នៅខែតុលា ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ យើងក៏បានចាប់ផ្តើមដំណើរការថ្នាក់ជាតិរបស់យើង ក្នុងការពិចារណា និងអភិវឌ្ឍក្របខ័ណ្ឌអនុវត្តកម្មវិធីជំរុញបង្កើនការថែទាំសុខភាពបឋម (Cambodia PHC-BIF) ជាមួយនឹងការណែនាំជាយុទ្ធសាស្ត្រដ៏រឹងមាំ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការ សុខភាពពិភពលោក រួមទាំងដៃគូ និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ហើយការ ពិគ្រោះយោបល់ជាមួយអាជ្ញាធរ ប្រជាជន និងការស្តាប់ពីសហគមន៍ក្នុងមូលដ្ឋាន នឹងជួយឱ្យមានការយល់ ដឹងកាន់តែប្រសើរឡើង អំពីតម្រូវការសុខភាព និងសេវាសុខភាពទៅថ្ងៃអនាគតរបស់ប្រជាជនកម្ពុជា។
ដំណើរការនាពេលអនាគត និងការពិគ្រោះយោបល់ ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការ ថែទាំសុខភាពបឋម (Cambodia PHC-BIF)៖ កម្មវិធីជំរុញបង្កើនការថែទាំសុខភាពបឋម គឺស្ថិតនៅ ដំណាក់កាលដំបូងនៃដំណើរដ៏វែងឆ្ងាយសម្រាប់អនាគតសុខភាពកាន់តែល្អប្រសើររបស់កម្ពុជា។ ក្រសួង សុខាភិបាល បានអញ្ជើញដៃគូសំខាន់ៗមួយចំនួន រួមទាំងអង្គការយូនីសេហ្វ ឱ្យចូលរួមក្នុងការពិគ្រោះ យោបល់ថ្នាក់ជាតិនាពេលថ្មីៗនេះ ហើយយើងនឹងបន្តឱ្យមានការចូលរួមបន្ថែមទៀតពីដៃគូផ្នែកសុខភាព នៅក្នុងកិច្ចការសំខាន់នេះ។ ក្រុមដៃគូផ្នែកសុខភាព (Health Partner Group)
ត្រូវបានផ្តល់នូវព័ត៌មាន សង្ខេបអំពីដំណើររបស់កម្មវិធីជំរុញការថែទាំសុខភាពបឋម (PHC Booster) ក្រោមការសម្របសម្រួល ដៃគូផ្នែកសុខភាពដោយអង្គការសុខភាពពិភពលោក ដែលកិច្ចការនេះ គឺស្របតាមសំណើរបស់ក្រសួងសុខាភិបាល ទៅកាន់អង្គការសុខភាពពិភពលោក ឱ្យបន្តដើរតួនាទីជាអ្នកផ្តល់ប្រឹក្សាដឹកនាំបច្ចេកទេសសុខា ភិបាល និងសម្របសម្រួលជាមួយដៃគូសំខាន់ៗរួមទាំងក្រុមដៃគូផ្នែកសុខភាព និងលទ្ធភាពនៃការអាច រៀបចំឡើងវិញជាអាទិភាពរបស់ដៃគូផ្នែកសុខភាព ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាលនៅក្នុងការអនុវត្តន៍ ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម ការប្រមូលធនធានសក្តានុពល ការអនុវត្តន៍ និងការ វាយតម្លៃផងដែរ។
ការគាំទ្រ និងសំណើរបស់អង្គការយូនីសេហ្វ សម្រាប់ការចូលរួមគាំទ្រកិច្ចការមួយចំនួននៃការអនុវត្តន៍ ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម៖ ក្រសួងសុខាភិបាល សូមកោតសរសើរ និងអរគុណ ចំពោះការផ្ដល់ព័ត៌មាននូវបំណងល្អនៃការចូលរួមគាំទ្រដល់ក្រសួងសុខាភិបាល នៅក្នុងផ្នែកមួយចំនួន ដែលមានសក្តានុពលនៅក្នុងការអនុវត្តន៍ក្របខ័ណ្ឌខាងលើនេះ ដូចជាសកម្មភាពគាំទ្រការចាក់ថ្នាំបង្ការទូទៅ អាហារូបត្ថម្ភ សុខភាពមាតា និងទារក ការចូលរួមរបស់សហគមន៍ ការផ្លាស់ប្ដូរឥរិយាបទ និងសុខា ភិបាលបែបឌីជីថលជាដើម ហើយជាការចាំបាច់ណាស់ ដែលយើងត្រូវធ្វើការរួមគ្នា ដោយមានការសម្រប សម្រួលក្រោមការដឹកនាំ និងភាពជាម្ចាស់របស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវការគាំទ្រចំទិសដៅ ត្រូវតាមពេលវេលា និងមានសកម្មភាពត្រឹមត្រូវ ដើម្បីឱ្យការគាំទ្រ និងការវិនិយោគរបស់អង្គការយូនីសេហ្វ នៅក្នុងសកម្មភាពដែលនឹងត្រូវបានជ្រើសរើស និងឯកភាពគ្នាមួយចំនួននៅក្នុងដំណើរអនុវត្តការងាររយៈ ពេលវែងនេះ។ យើងត្រូវតែមានការប្តេជ្ញាចិត្តរយៈពេលវែង និងបន្តការគាំទ្រពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងដៃគូសុខាភិបាលសំខាន់ៗផ្សេងទៀត ជាពិសេស ក្រសួងសុខាភិបាល បានយកចិត្ត ទុកដាក់ ហើយរិតតមានសារៈសំខាន់ណាស់ ក្នុងការរៀបចំផែនការដោយប្រុងប្រយ័ត្ន និងច្បាស់លាស់ថា តើអង្គការណានឹងគាំទសកម្មភាពណាមួយ សម្រាប់ការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំ សុខភាពបឋម (PHC-BIF) នេះ និងត្រូវមានការពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន ក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានថ្លែង អំណរគុណសារជាថ្មីដល់អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ នៅក្នុងការជួយគាំទ្រដំណើរ ការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ហើយក្រសួង នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗទៀតលើការងារនេះផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







