លោក Juan Vicente Pérez អាយុ ១១៣ ឆ្នាំ ដែលបានក្លាយជាបុរសដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានចែករំលែកថា គាត់ផឹកស្រាជារៀងរាល់ថ្ងៃ។
Juan Vicente Pérez មកពីប្រទេស Venezuela ត្រូវបានប្រកាសថា ជាបុរសអាយុវែងជាងគេបំផុតលើពិភពលោក ដោយកំណត់ត្រា Guinness World ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីមរណភាពរបស់ Saturnino de la Fuente Garcia ជនជាតិអេស្ប៉ាញក្នុងអាយុ ១១២ ឆ្នាំ កាលពីថ្ងៃទី១៨ ខែមករា។
បើទោះជាមានអាយុ ១១៣ ឆ្នាំ ទៅហើយក្តី តែលោក Juan Vicente នៅតែមានសុខភាពល្អ និងមានភាពរហ័សរហួនផងដែរ។ ពិតណាស់ គាត់គ្រាន់តែមានបញ្ហាមួយចំនួន ជាមួយនឹងជំងឺលើសឈាម និងជំងឺបេះដូង ប៉ុណ្ណោះ។
នៅពេលដែលត្រូវបានសួរអំពីអាថ៌កំបាំងរបស់គាត់ចំពោះអាយុវែង លោក Juan Vicente បានចែករំលែកថា គាត់ប្រឹងប្រែងធ្វើការ សម្រាកឱ្យបានត្រឹមត្រូវ ចូលគេងឱ្យបានឆាប់ និងផឹក aguardiente មួយកែវក្នុងមួយថ្ងៃ។
គេបានដឹងថា aguardiente គឺជាភេសជ្ជៈមានជាតិអាល់កុលដែលមានកំហាប់ពី 29-60% អាល់កុលចម្រោះដែលផលិតពីអំពៅ និងរសជាតិជាមួយគ្រឿងទេសម្យ៉ាង anise ។
កើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩០៩ នៅរដ្ឋ Tachira ប្រទេស Venezuelan លោក Juan Vicente គឺជាកូនទី៩ ក្នុងចំណោមកូន ១០ នាក់ ដែលកើតនៅក្នុង Eutiquio del Rosario Pérez Mora និង Edelmira Mora។
បុរសវ័យជាងមួយរយឆ្នាំរូបនេះ មានចៅចំនួន ៤១ នាក់ ចៅទួតចំនួន ៣០ នាក់។ នៅពេលគាត់មានអាយុ ៥ ឆ្នាំ លោក Juan Vicente បានចាប់ផ្តើមធ្វើការនៅចម្ការអំពៅ និងច្រូតកាត់កាហ្វេជាមួយគ្រួសាររបស់គាត់។ គាត់ និងបងប្រុសរបស់គាត់ឈ្មោះ Miguel បានបង្កើតរោងម៉ាស៊ីនមួយដើម្បីជួយផលិតកាហ្វេ និងអំពៅ។
នៅពេលគាត់មានអាយុ ១០ ឆ្នាំ គាត់បានទៅសាលារៀនក្នុងស្រុក។ ប៉ុន្តែ ក្រោយមក គាត់មិនបានដើរតាមផ្លូវសិក្សាទេ។ លោកបានក្លាយជាប៉ូលិសមូលដ្ឋានទទួលបន្ទុកដោះស្រាយវិវាទដីធ្លីនិងគ្រួសារអស់រយៈពេលជាង១០ឆ្នាំមកហើយ។
Juan Vicente បានរៀបការជាមួយអ្នកស្រី Ediofina del Rosario García ហើយពួកគាត់រួមរស់នៅជាមួយគ្នាអស់រយៈពេល ៦០ ឆ្នាំ រហូតដល់អ្នកស្រី Ediofina បានទទួលមរណភាពក្នុងឆ្នាំ ១៩៩៧។ ប្តីប្រពន្ធមួយគូនេះបានបង្កើតគ្រួសារដ៏ធំមួយមានកូនចំនួន ១១ នាក់ ក្នុងនោះកូនប្រុស ៦ នាក់ និងកូនស្រី ៦ នាក់។
បន្ទាប់ពីនឿយហត់ពេញមួយថ្ងៃនៅកន្លែងធ្វើការ លោក Juan Vicente នឹងចំណាយពេលទំនេរជាមួយគ្រួសាររបស់គាត់។ គាត់ចូលចិត្តនៅជាមួយសមាជិកគ្រួសារ ញ៉ាំអាហារ ជប់លៀង និងនិយាយរឿងជាមួយមិត្តភក្តិ។ នេះជួយឱ្យគាត់សម្រាកបានល្អប្រសើរ គាត់មានការចងចាំដ៏អស្ចារ្យ។
ក្នុងអំឡុងពេលនៃជីវិតរបស់គាត់ Juan Vicente បានឃើញការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើននៅក្នុងពិភពលោក ដូចជាទូរទស្សន៍ និងអ៊ីនធឺណិត។ គាត់បានចែករំលែកថា ក្រោយពេលគាត់ស្លាប់ទៅ គាត់ចង់ឲ្យគេចងចាំថាជាបុរសម្នាក់ដែលខំប្រឹងប្រែង ស្មោះត្រង់នឹងប្រពន្ធ ស្រឡាញ់គ្រួសារ និងមានចិត្តតែមួយជាមួយនឹងព្រះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















