បុរសជនជាតិចិនម្នាក់អាយុ ២៤ ឆ្នាំម្នាក់ ត្រូវសងថ្លៃជួសជុលយ៉ាងហោចណាស់ 150,000 ដុល្លារ បន្ទាប់ពីបានឡើងជាន់ និងបំផ្លាញរថយន្តទំនើបចំនួន ៤ គ្រឿង នៅក្នុងចំណតសណ្ឋាគារមួយកន្លែង ដែលត្រូវបានគេអះអាងថា មកពីស្រវឹងបែក។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ បុរសរូបនេះត្រូវបានគេថតបានឡើង និងជាន់ធាក់លើរថយន្តទំនើបៗជាច្រើនគ្រឿង ទោះបីមិត្តស្រីខំប្រឹងអស់ពីសមត្ថភាពដើម្បីឃាត់គាត់ក៏ដោយ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីបានធ្វើឱ្យបុរសរូបនេះមានប្រតិកម្មបែបនេះទេ ប៉ុន្តែ រឿងពីរដែលគេសន្និដ្ឋាន គឺអាចមកពីស្រវឹងខ្លាំង ឬបណ្តាលមកពីឥទ្ធិពលគ្រឿងញៀនតែម្តង។
រថយន្តដែលរងការខូចខាត ក្នុងនោះរួមមាន Lamborghini ១គ្រឿង និង Rolls Royces ពីរគ្រឿង ហើយតម្លៃជួសជុលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃជាង 1 លានយ័ន (ស្មើនឹង 150,000 ដុល្លារ)។
បុគ្គលិកនៅសណ្ឋាគារប្រណីត បានរាយការណ៍ទៅប៉ូលីស បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្ចាស់ឡាន ដែលពួកគេបានពិនិត្យមើលរូបភាពកាមេរ៉ាសុវត្ថិភាព ឃើញបុរសនោះបានកំពុងបញ្ចេញឥរិយាបទខឹងសម្បារឡើងលើរថយន្ត ទោះបីជាមិត្តស្រីរបស់គាត់ព្យាយាមរារាំងក៏ដោយ។
សារព័ត៌មានចិនបានរាយការណ៍ថា នៅព្រឹកបន្ទាប់បុរសរូបនោះដែលមានឈ្មោះថា Gao ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ប៉ូលិស ហើយករណីរបស់គាត់ គឺពុំត្រឹមតែរងការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទេ តែក៏ត្រូវចំណាយលុយលើសំណងសម្រាប់រថយន្តទំនើបដែលរងការខូចទាំងនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




