Saturday, June 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences របស់ចិន សហការបង្កើតរោងចក្រ និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការបង្កើត​រោងចក្រ និងវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ជាមួយក្រុមហ៊ុន Sinovac Life Sciences របស់ប្រទេសចិន នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមរបស់ឯឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co., Ltd។

ឯឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ពីកិច្ចសហប្រតិបត្តិការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences អាចឱ្យកម្ពុជាមានលទ្ធភាព វេចខ្ចប់វ៉ាក់សាំងអនុលោមទៅតាមនិយាមរបស់ប្រទេសចិន និងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា រួមទាំង ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា។

គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជារយៈពេល៣ឆ្នាំ (២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេស។

លោកស្រី ជឹង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសឱសថកម្ពុជា បានឱ្យដឹងថា សហគ្រាស នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសហការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុន Sinovac ឱ្យបានជោគជ័យ ដើម្បីចូលរួមចំណែក ក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យដ៏ធំធេង តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយគិតមកទល់ពេលនេះ បានគ្របដណ្តប់ប្រជាជនទូទាំងប្រទេសជាង៩០ភាគរយ ហើយបាននិងកំពុងត្រៀមចាក់ដូសទី៥ ជូនប្រជាពលរដ្ឋនាពេលឆាប់ៗខាងមុខនេះ។ គម្រោងនេះក៏នឹងចួលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផលិតវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺឆ្លងផ្សេងៗនៅកម្ពុជានាពេលអនាគតផងដែរ៕

spot_img
×