ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសន្យាផ្តល់ឥណទានសម្បទានថ្មីចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការថ្មីនេះ ដែលជាឥណទានសម្រាប់គម្រោងប្រសិទ្ធភាពថាមពល ដើម្បីការផ្គត់ផ្គង់អគ្គិសនីជនបទនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែមសម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។

ឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន ៣០លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មក នៅឆ្នាំ ២០២០ ដែលមានចំនួន ៣០លានអឺរ៉ូដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា។



យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។ គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៧២០លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ ៧០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០ លានដុល្លារអាមេរិក)៕