រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលទឹកដីទំហំ៧០ភាគរយ នៃទីក្រុងសេវេរ៉ូណែតស្ក (Severodonetsk) នាភាគខាងកើត តំបន់លូហាន់ស្ក៍ កំពុងតែធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ីនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យា នឹងផ្ដល់ប្រព័ន្ធបា.ញ់រ៉ុក្កែត រយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅជួយដល់ប្រទេសអ៊ុយក្រែន ទប់.ទល់នឹងការឈ្លានពាននេះ ហើយត្រូវបានក្រុងមូស្គូ ចោទប្រកាន់ ពីការចាក់សាំងបន្ថែមលើភ្លើង កំពុងតែឆេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយអាវុធថ្មី មានទឹកប្រាក់ទំហំ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយនឹងរួមបញ្ចូលទាំងប្រព័ន្ធបាញរ៉ុក្កែត រយៈចម្ងាយឆ្ងាយផងដែរ។ ការបញ្ជូនគ្រឿងយុទ្ធោបករណ៍ បា.ញ់រយៈចម្ងាយឆ្ងាយទាំងនេះ បានធ្វើឡើង តាមសំណើរបស់រដ្ឋាភិបាលក្រុងគៀវ ដើម្បីជួយដល់កម្លាំងទ័ពរបស់ពួកគេ សម្រាប់វាយប្រហារ ទប់។ទល់នឹងកម្លាំងទាហានរុស្ស៊ី ខណៈការវា.យប្រយុទ្ធគ្នា នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន កាន់តែមានសភាពខ្លាំងក្លាឡើង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិក នឹងឈរជាមួយដៃគូអ៊ុយក្រែនរបស់យើង ហើយបន្តផ្តល់ជំនួយនូវគ្រឿងសឹក ជួយឱ្យអ៊ុយក្រែន អាចការពារខ្លួន ទប់.ទល់នឹងការឈ្លានពាននេះបាន។ សហរដ្ឋអាមេរិក បានទទួលការធានា ពីទីក្រុងគៀវ (Kyiv) ថា អ៊ុយក្រែន នឹងមិនប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតហ៊ីម៉ាស (HIMARS) ដើម្បីវា.យប្រហារគោលដៅនានា នៅលើទឹកដីរុស្ស៊ី នោះឡើយ។

លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសពីសកម្មភាពបែបនេះ ហើយត្រូវបានចុះផ្សាយ នៅលើទំព័រកាសែត New York Times ដោយគាត់បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក នឹងមិនស្វែងរកនូវការដកលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ចេញពីអំណាចនោះឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ទោះជាយ៉ាងណា គាត់នឹងមិនដាក់សម្ពាធ ដល់អ៊ុយក្រែន ឱ្យប្រគល់ទឹកដីរបស់ខ្លួន ទៅឲ្យប្រទេសរុស្ស៊ី សម្រាប់ជាថ្នូរ នៅក្នុងការចរចាបញ្ចប់សង្គ្រាមនោះដែរ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានបញ្ជាក់ថា ប្រទេសរបស់គាត់ «គ្មានចេតនាវា.យប្រហារ ទៅដល់ប្រទេសរុស្ស៊ី នោះឡើយ» ហើយថា ការចង់បានកាំភ្លើងធំ ឬប្រព័ន្ធបា.ញ់រ៉ុក្កែត រយៈចម្ងាយឆ្ងាយនេះ ក៏នឹងត្រូវយកមកប្រើ សម្រាប់តែការការពារខ្លួន ទប់ទល់នឹងកម្លាំងទាហានរបស់ក្រុងមូស្គូ តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រោយពេលសហរដ្ឋអាមេរិក បានបញ្ជូនគ្រឿងសព្វាវុធ ជាបន្ដបន្ទាប់ ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះមក ក្រុងមូស្គូ តែងតែចោទប្រកាន់ ដល់ក្រុងវ៉ាស៊ីនតោន កំពុងតែចាក់សាំងបន្ថែម ទៅលើភ្លើង ដែលកំពុងតែឆាបឆេះ។ រុស្ស៊ី បានអះអាងថា សហរដ្ឋអាមេរិក មិនបានលើកទឹកចិត្តដល់ក្រុងគៀវ ឲ្យចរចាស្វែងរកសន្ដិភាពនោះឡើយ។
រហូតមកដល់ពេលនេះ រុស្ស៊ីកំពុងតែព្យាយាម វាយដណ្ដើមកាន់កាប់តំបន់លូហាន់ស្ក (Luhansk) ស្ថិតក្នុងចំណោមតំបន់ចំនួន២ នៃតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ បើយោងតាមប្រធានតំបន់លូហាន់ស្ក បានអះអាងថា ឥឡូវនេះ ទឹកដីទំហំ៧០ភាគរយ នៃទីក្រុងសេវេរ៉ូដូណែតស្ក (Severodonetsk) កំពុងតែធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN














