រដ្ឋធានីគៀវ៖ រហូតមកដល់ថ្ងៃទី៣ ខែមិថុនា សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងឃោរឃៅ រវាងកម្លាំងទាហានអ៊ុយក្រែន និង រុស្ស៊ី បានអូបន្លាយ អស់រយៈពេល១០០ថ្ងៃកន្លងមកហើយ ក៏នៅតែមិនទាន់មានសញ្ញាបញ្ចប់សង្គ្រាម ហើយភាគីវាយប្រយុទ្ធគ្នាទាំងសងខាង សុទ្ធតែបានបាត់បង់កម្លាំងទ័ពរៀងៗខ្លួន និង ខូចខាតគ្រឿងយុទ្ធោបករណ៍ មានតម្លៃមិនអាចគណនាបាន។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍ US Newsmax ថា កងទ័ពរបស់ប្រទេសគាត់ បានបាត់បង់ជីវិត កើនឡើង ដល់១០០នាក់ និង ៥០០នាក់ រងរបួស ជារៀងរាល់ថ្ងៃ។ ស្ថានភាពនេះ គឺលំបាកខ្លាំងណាស់ យើងកំពុងតែបាត់បង់កងទ័ព ចន្លោះពី៦០ទៅ១០០នាក់ ក្នុងមួយថ្ងៃៗ នៅក្នុងសកម្មភាពការពារទឹកដីរបស់យើង។

ការអះអាងរបស់ប្រធានាធិបតី បានកើតឡើង ចំពេលកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយលុយក ទាំងផ្លូវគោក និង ផ្លូវអាកាសយ៉ាងសន្ធាប់ ដើម្បីដណ្ដើមកាន់កាប់តំបន់ដុនបាស (Donbas) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា លោកប្រធានាធិបតីអ៊ុយក្រែន មិនបានបញ្ជាក់អំពីចំនួនកងទ័ពសរុបដែលបានបាត់បង់ជីវិត នៅក្នុងសង្គ្រាមនេះទេ។
ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា កម្លាំងការពារទឹកដីរបស់ខ្លួន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ៣០ ៨៥០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានកម្ទេចគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី យ៉ាងច្រើន រួមមាន រថក្រោះចំនួន ១ ៣៦៣គ្រឿង, រថពាសដែក ចំនួន ៣ ៣៥៤គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៦៦១គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៩៥គ្រឿង, យន្ដហោះចម្បាំង ចំនួន២១០គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៧៥គ្រៀង, នាវាចម្បាំង ចំនួន១៣គ្រឿង និង គ្រឿងសឹកជាច្រើនទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN








