Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ អំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធវិស័យទេសចរណ៍ ចាប់យកឳកាសក្នុងការជំរុញការផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា នៅលើទីផ្សារឥណ្ឌូនេស៊ី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសព័ត៌មានថា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា «Cambodia Tourism Roadshow» នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ខែ មិថុនា ឆ្នាំ ២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេស គោលដៅទេសចរណ៍កីឡា ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្មវិធីនេះ មានគោលបំណង ផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-ឥណ្ឌូនេស៊ី ឲ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី រួមជាមួយនឹងការផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសការបង្កើនភាពទាក់ទាញកម្ពុជាជាគោលដៅទេសចរណ៍ម៉ាយ (MICE) និងផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍កីឡា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ក្រសួងបានឱ្យដឹងទៀតថា ការរៀបចំកម្មវិធី Roadshow គឺស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទីពីរ ឆ្នាំ ២០២២-២០២៣។

ក្រសួងទេសចរណ៍ អំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិ បត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមឲ្យបានច្រើន ដើម្បីចាប់យកឳកាសក្នុងការជំរុញការផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេស​ចរណ៍កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow នៅប្រទេសវៀតណាម សិង្ហបុរី និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍ឯកជន និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ខណៈដែលប្រទេសស្ទើរតែទាំងអស់នៅក្នុងតំបន់អាស៊ានចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ៕​

×