Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រូវការអចលនវត្ថុក្នុងស្រុក ដែលមានតម្លៃទាប និងមធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ

ភ្នំពេញ៖ បើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យអចលនទ្រព្យកម្ពុជា ងើបឡើងវិញ ក្នុងកម្រិតទាបប្រមាណ ២,៤% ក្នុងឆ្នាំ២០២១ និង ៤,៨% ក្នុងឆ្នាំ២០២២នេះ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការអចលនវត្ថុក្នុងស្រុក ដែលមានតម្លៃទាប និងមធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅតែល្អប្រសើរ ជាពិសេស ទីផ្សារដីធ្លី នៅតែទទួលបានផលចំណេញខ្ពស់ ដោយរយៈពេលពីរបីឆ្នាំខាងមុខ ខណៈអត្រាចំណេញនៅតែរក្សាបាន ១៥ភាគរយ ក្នុងមួយឆ្នាំ បើធៀបនឹងការវិនិយោគ។

លោកច្រឹក សុខនីម បានបន្តថា ទោះបីជាមានបញ្ហាដោយសារវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមកក៏ដោយ តែអ្នកវិនិយោគក្នុងស្រុកនៅតែបន្តទិញ នៅតែបន្តវិនិយោគ ព្រោះឱកាសចំណេញមានខ្ពស់ នៅពេលទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរមកវិញ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ ដោយសារតែគ្មានករណីឆ្លងថ្មីជំងឺកូវីដ១៩ បើធៀបទៅនឹងប្រទេសជិតខាង។

លោកបន្ថែមទៀតថា សម្រាប់ទីតាំងល្អៗ និងមានផលចំណេញខ្ពស់។ តំបន់ជាយក្រុងដែលកំពុងមានសក្តានុពល ដូចជា ខណ្ឌព្រែកព្នៅ ខ័ណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ គឺអ្នកវិនិយោគ អាចចំណេញក្នុងអត្រាចន្លោះពី ២០ ទៅ ៣០ភាគរយ។

​តំបន់ដែលកំពុងមានសក្តានុពលក្នុងការវិនិយោគ រួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងតែដំណើរគម្រោង។ ខេត្តព្រះសីហនុ ក៏កំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត, នៅក្រុងប៉ាវិត ខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ ជាដើម។

គួរបញ្ជាក់ថា​ វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានព្យាករថា អាចនឹងមានកំណើនទ្វេដង ធៀបឆ្នាំ  ២០២១ ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកនៅតែមានភាពល្អប្រសើរ៕

×