រដ្ឋធានីគៀវ៖ សង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល១០០ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយការវាយប្រហារគ្នា កំពុងតែបន្ដកាន់តែមានសភាពខ្លាំងក្លាឡើង ក្រោយពេលកម្លាំងទាហានរបស់ក្រុងមូស្គូ បានដណ្ដើមគ្រប់គ្រងទឹកដី ប្រហែល២០ភាគរយ។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសារមួយថា ឥឡូវនេះ រុស្ស៊ីកំពុងតែកាន់កាប់ទឹកដីរបស់អ៊ុយក្រែន ចំនួន២០ភាគរយ។ ជាមួយគ្នានេះដែរ នៅក្នុងវីដេអូ ថ្លែងទៅកាន់សភារបស់ប្រទេសលុចសំបួ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានបញ្ជាក់ផងដែរថា កម្លាំងទាហានរុស្ស៊ី បានដណ្តើមកាន់កាប់ទឹកដីរបស់អ៊ុយក្រែន ជាច្រើនកន្លែង ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។

ទោះជាយ់ាងណា រហូតមកដល់ពេលនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែបង្កើននូវការវាយលុកយ៉ាងខ្លាំង នៅក្នុងទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) នាភាគខាងកើត តំបន់លូហាន់ស្ក៍។ តំបន់នេះ បច្ចុប្បន្ន ភាគច្រើន បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី។
លោក ស៊ើរហ៊ីយ ហេដេ (Serhiy Hayday) ប្រធានរដ្ឋបាលយោធាតំបន់លូហាន់ស្ក៍ (Luhansk) បានបញ្ជាក់ តាមបណ្ដាញសង្គមតេឡេក្រាម ថា មូលដ្ឋានដ៏រឹងមាំចុងក្រោយ ស្ថិតនៅតំបន់ភាគខាងកើត លូហាន់ស្ក៍ ជាទីដែលកងទ័ពអ៊ុយក្រែន កំពុងតែវាយប្រយុទ្ធយ៉ាងខ្លាំង។ បើទោះជារុស្ស៊ី បានអះអាងថា ពួកគេបានគ្រប់គ្រងទីក្រុងសេវេរ៉ូដូណែតស្ក៍ ទាំងមូលយ៉ាងណាក្ដី តែកងទ័ពអ៊ុយក្រែន នៅតែប្រយុទ្ធជាមួយនឹងកម្លាំងទាហានដ៏ខ្លាំងក្លារបស់រុស្ស៊ី ចំនួន១ម៉ឺននាក់ដដែល៕ រក្សាសិទ្ធិដោយ ៖ សារាយSN















