ភ្នំពេញ៖ ឯកឧត្ដម ឌឹម សុវណ្ណារុំ បានថ្លែងថា នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ប្រធានការិយាល័យបោះឆ្នោត ត្រូវចាត់ឱ្យបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និង បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោត អាចយកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ទៅជាមួយបាន ដើម្បីជូនមន្ត្រីការិយាល័យបោះឆ្នោត ឱ្យងាយស្រួលរកឈ្មោះឃើញរហ័ស។
ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ
ស្ដីពី ការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបិទដំណើរការឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ។

ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោត ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ប្រធានការិយាល័យបោះឆ្នោតត្រូវចាត់ឱ្យបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និង បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ ការបិទផ្សាយ នេះត្រូវធានាថា អាចផ្ដល់លក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសជនមានពិការភាព (ជនពិការជិះរទេះ) ក្នុងការមកពិនិត្យឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថា បញ្ជីនោះត្រូវបានបិទនៅទីតាំងដែលមិនមានការជ្រាបលិចជាហេតុបណ្តាលឱ្យសើម ឬប៉ះពាល់ ដល់បញ្ជីបោះឆ្នោត។
ឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនោះ ពាក់ព័ន្ធនឹងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គ.ជ.ប ជម្រាបជូនថា ប័ណ្ណនេះគឺជាការផ្តល់ព័ត៌មានជូនអ្នកបោះឆ្នោត មិនមែនជាឯកសារសម្រាប់បោះឆ្នោតទេ។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចយកប័ណ្ណនេះទៅ ជាមួយបាន ដើម្បីជូនមន្ត្រីការិយាល័យបោះឆ្នោតឱ្យងាយស្រួលរកឈ្មោះឃើញរហ័សៗ។
ចំពោះកាលបរិច្ឆេទនៃការបោះឆ្នោត គ.ជប បានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ មធ្យោបាយ គឺតាមវិទ្យុ ទូរទស្សន៍ ចងបដានៅទីសាធារណៈ ចាក់មេក្រូចល័តនៅតាមឃុំ សង្កាត់ ដើម្បីឱ្យអ្នកបោះឆ្នោតបានដឹងថា ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានបង្ហាញការសង្ឃឹមជឿជាក់យ៉ាង មុតមាំថា ឯកឧត្តម លោក លោកស្រី តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ នឹងបិទបញ្ចប់សកម្មភាពឃោសនាដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ហើយរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋបានត្រៀមខ្លួន ត្រៀមឯកសារទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។
ឯកឧត្តមក៏បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋ សូមត្រៀមឯកសារ ដែលរួមមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងសូមអញ្ជើញ ទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការភ័យខ្លាច ដោយសេរី និងធានាការសម្ងាត់ ដើម្បីអភិវឌ្ឍ ឃុំ សង្កាត់របស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


