ថ្មីៗនេះ ទំព័រហ្វេសប៊ុក Inforoadblock បានបញ្ចេញវីដេអូដ៏ហួសចិត្តមួយ បង្ហាញអ្នកបើកបររថយន្តទំនើបជនជាតិសិង្ហបុរីម្នាក់ បាន «សម្អាតសំរាម» ចេញពីរថយន្តរបស់ខ្លួន បោះចោលលើផ្លូវ ដែលធ្វើឲ្យប្រជាជនម៉ាឡេស៊ី ពេលឃើញវីដេអូនេះហើយ មិនសប្បាយចិត្តសោះឡើយ។
សកម្មភាពដ៏មិនល្អរបស់អ្នកបើកបរជនជាតិសិង្ហបុរីនោះ បានធ្វើឱ្យអ្នកស្រុកមានការខឹងសម្បារ ដែលភាគច្រើននិយាយថា ប្រសិនបើរឿងនេះកើតឡើងនៅប្រទេសសិង្ហបុរី អ្នកបើកបរនឹងមិនហ៊ានធ្វើរឿងបែបនេះឡើយ។ ព្រោះពិតណាស់ នៅប្រទេសសិង្ហបុរី កុំរំពឹងថាអ្វីៗនឹងទៅជាបែបនេះឲ្យសោះ គឺទង្វើនេះនឹងត្រូវបានមើលឃើញដោយភ្នែករបស់ប៉ូលីស ក្នុងរយៈពេល ២ នាទី ប៉ុណ្ណោះ។
អ្នកប្រើបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា៖ «ដូចជាគេមានវិន័យតែនៅក្នុងប្រទេសរបស់គេ។ ប៉ុន្តែ ពេលមកដល់ប្រទេសអ្នកដទៃ គេប្រហែលបានធ្វើថោកគ្រប់ទីកន្លែងបែបនេះ»។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់មួយចំនួនក៏បានណែនាំថា អ្នកថតគួរតែទៅប្រឈមមុខនឹងអ្នកបើកបរឥតរបៀបនោះដោយផ្ទាល់ ជាជាងគ្រាន់តែសង្កេត និងថតសកម្មភាព ដែលធ្វើឲ្យបុគ្គលនោះនៅតែប្រព្រឹត្តទង្វើបែបនេះនៅកន្លែងដទៃទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


