រដ្ឋធានីមូស្គូ៖ ដោយសារតែការវា.យប្រ.យុទ្ធគ្នា រវាងកម្លាំងទាហានរុស្ស៊ី និង អ៊ុយក្រែន កាន់តែមានភាពសាហាវខ្លាំងឡើង អស់រយៈពេលជាង៣ខែកន្លងមកនេះ នៅតែមិនទាន់មានពន្លឺចរចាសន្ដិភាព ហើយបណ្ដាប្រទេសបស្ចិមលោក ក៏កំពុងតែបង្កើននូវការផ្គត់ផ្គង់គ្រឿងចម្បាំង ជួយដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីយកមកទប់ទល់នឹងកម្លាំងទាហានរបស់រុស្ស៊ី ទើបប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin ) បានសន្យាថា ប្រសិនបើក្រុងគៀវទទួលបានប្រព័ន្ធបា.ញ់គ្រាប់រ៉ុក្កែត ចម្ងាយឆ្ងាយនោះ ក្រុងមូស្គូ នឹងវា.យប្រ.ហារកម្ទេចទៅលើគោលដៅទាំងនោះ ដោយស្របច្បាប់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានរិះគន់ដល់បណ្ដាប្រទេសលោកខាងលិច ជុំវិញការចែកចាយគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយគាត់ បានអះអាងថា បណ្ដាប្រទេសបស្ចិមលោក មានគោលបំណង អូសបន្លាយជម្លោះនេះ ឲ្យកាន់តែយូរ។
មេដឹនាំរុស្ស៊ី រូបនេះ បានបញ្ជាក់ថា «ការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍របស់បស្ចិមលោក ជួយដល់ប្រទេសអ៊ុយក្រែន នាំឲ្យមានភាពច្របូកច្របល់ ប៉ុន្ដែបើតាមទស្សនៈរបស់ខ្ញុំ មានគោលបំណងតែមួយគត់ ចង់អូសទាញជម្លោះប្រដាប់អាវុធនេះ ឱ្យកាន់តែយូរតាមដែលអាចធ្វើទៅបាន»។

ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ទៀតថា «ការផ្គត់ផ្គង់គ្រឿងចម្បាំងរបស់បណ្ដាប្រទេសបស្ចិមលោកបែបនេះ ទំនងជាមិនអាចផ្លាស់ប្តូរស្ថានភាពយោធា សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន បានឡើយ។ ប៉ុន្ដែប្រសិនបើក្រុងគៀវ ទទួលបានប្រព័ន្ធរ៉ុក្កែតបា.ញ់ រយៈចម្ងាយឆ្ងាយ ពីបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) នោះ ក្រុងមូស្គូ នឹងសន្និដ្ឋានសមស្រប ហើយប្រើប្រាស់គ្រប់មធ្យោបាយរបស់ខ្លួន ដើម្បីបំផ្លិចបំផ្លាញទៅលើគោលដៅគ្រឿងសព្វាវុធទាំងនោះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN





















