Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(CEPA)

ភ្នំពេញ៖ ស្របតាមស្មារតីនៃជំនួបទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត Thani Bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ដែលបានធ្វើឡើង ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៌ពិភពលោកនៅឌូបៃ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងសិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមប្រព័ន្ធវីដេអូ។ ឯកឧត្តម បានបន្តថា អេមីរ៉ាត់អារ៉ាប់រួម បានគាំទ្រលើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំសេចក្តីព្រាងលក្ខន្តិកៈយោង ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពអាចធ្វើបាន​។

លោក Kayaan K. Unwalla បានបន្តថា កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវ័ន្តដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស-សហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល។-ល-។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ ទីផ្សារទំនិញទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក។​

គិតមកដល់ពេលនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្កើត CEPA ចំនួនពីរ គឺជាមួយ អ៊ីស្រាអែល និងឥណ្ឌា និងត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតក្នុងតំបន់៕

spot_img
×