ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងបញ្ជាក់បន្តថាៈរយៈកាល១១ឆ្នាំនេះ កងយោធាមួកខៀវកម្ពុជា ត្រូវបានដាក់ពង្រាយតាមបណ្តាប្រទេសមួយចំនួនដែលបាននិងកំពុងរងនូវវិបត្តិជម្លោះប្រដាប់អាវុធ មានជាអាទិ៍ៈ សាធារណរដ្ឋស៊ូដង់ ឆាដ អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី ស៊ីរី និងសាយប្រឺស។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានថ្លែងនៅឯមជ្ឈមណ្ឌលជាតិក្នុងក្រុងភ្នំពេញ កាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ បានថ្លែងបញ្ជាក់ថាៈនេះគឺជាឆ្នាំទី១១ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ. ស. ប ចំនួន៤.៦៨៨ នាក់ ក្នុងនោះនារីចំនួន១៩៦នាក់ ទៅបំពេញបេសកកម្មរួមជាមួយនឹងកងកម្លាំងពហុសាសន៍មកពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និង លើសកលលោក ។
នាយឧត្តមសេនីយ៍ អគ្គនាយក NPMEC បានថ្លែងបញ្ជាក់បន្តថាៈរយៈកាល១១ឆ្នាំនេះដែរ កងយោធាមួកខៀវកម្ពុជា ត្រូវបានដាក់ពង្រាយតាមបណ្តាប្រទេសមួយចំនួនដែលបាននិងកំពុងរងនូវវិបត្តិជម្លោះប្រដាប់អាវុធមានជាអាទិ៍ៈ សាធារណរដ្ឋស៊ូដង់ ឆាដ អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី ស៊ីរី និងសាយប្រឺស លើជំនាញបោសសម្អាតមីន ត្រួតពិនិត្យការធ្វើដំណើរ វិស្វកម្មសំណង់ផ្តេក – សំណង់បញ្ឈរ តម្រួតសណ្តាប់ធ្នាប់ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។
ពាក់ព័ន្ធទៅនឹងការបញ្ជូនកងកម្លាំងយោធពលខេមរភូមិន្ទ សម្រាប់បេសកកម្មរបស់ អ. ស. ប នេះដែរ លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា បច្ចុប្បន្នកងយោធាមួកខៀវកម្ពុជាបាននិងកំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិកោតស្ញប់ស្ញែងនូវទង្វើរបស់កម្ពុជាក្នុងការចូលរួមបេសកកម្មប្រកបដោយកិត្តិយសឧត្តុង្គឧត្តមបំផុតសម្រាប់មនុស្សជាតិលើពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយីយ៍បានថ្លែងបន្តទៀតថា បណ្តាប្រទេសជាមិត្ត ទាំងក្នុងសហគមន៍អាស៊ាន អាហ្វ្រិក មជ្ឈិមបូពា៍ ពិសេសគ្រប់តំបន់ ដែលកម្ពុជាចូលរួមបានអបអរសាទរ និងស្គាល់ពីកម្ពុជា កាន់តែច្រើនឡើងៗ រីឯទង់ជាតិកម្ពុជា ក៏បានបន្តបង្ហូតខ្ពស់ត្រដែតស្មើមុខ ស្មើមាត់ ស្មើភាព ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងដែលរួមមានចំនួន១២៣ប្រទេស។
នាយឧត្តមសេនីយ៍ ក៏បានលើកបង្ហាញពីជំនាញស្នាដៃធំៗមួយចំនួនដែលកងយោធាមួកខៀវកម្ពុជាសម្រេចបានក្នុងអំឡុងបេសកកម្មរបស់ អ. ស. ប រយៈកាល១១ឆ្នាំកន្លងទៅនេះរួមមានៈការដោះមីន ការកម្ទេចគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្តេក – សំណង់បញ្ឈរ ដោយកម្ពុជាទទួលបានលំដាប់ល្អជាងគេ ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់ ខណៈដែលប្រទេសមួយចំនួនមិនឆ្លើយតបទៅនឹងការស្នើសុំរបស់ អង្គការសហប្រជាជាតិ។ ព្រមជាមួយគ្នានេះ ស្នាដៃរបស់យុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០១៤ ទទួលបានលំដាប់លេខ២៤ ក្នុងចំណោម១២២ប្រទេស ដែលបរិច្ចាគកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិនិងទទួលបានលំដាប់ថ្នាក់លេខ១ ក្នុងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលបានបញ្ជូលយោធនារី ទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ៕ ដោយ៖បញ្ញាស័ក្តិ