Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ កំណត់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៦ ក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់នៅរយៈពេលវែង

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ជាសេនាធិការ បានរៀបចំរួចហើយនូវផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ដែលបានកំណត់គោលដៅទេសចរណ៍សំខាន់ៗចំនួន ៦ ក្នុងនោះរួមមានតំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ទីក្រុងសៀមរាប និងតំបន់បឹងទន្លេសាប។

ភ្នំគូលែន មានវិសាលភាព ៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន៤ ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម។ ឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន»នេះ មានប្រាសាទបុរាណ និងបុរាណដ្ឋានច្រើន និងធនធានធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជាតិដ៏ទាក់ទាញ។

ដោយឡែកបឹងទន្លេសាប គឺជាបេះដូង នៃប្រទេសកម្ពុជា។ បើតាមឯកសាររបស់ អាជ្ញាធរទន្លេសាប បឹងធម្មជាតិដ៏ធំនេះ បានជួយដល់វិស័យជលផល វិស័យកសិកម្ម វិស័យសេដ្ឋកិច្ច និងផ្នែកបរិស្ថាន ហើយជាតំបន់ដីសើម និង ព្រៃលិចទឹកដ៏ធំល្វឹងល្វើយ វាបានផ្ដល់ជាជម្រកដល់ជីវៈចម្រុះយ៉ាងសម្បូរបែប។ បឹងទន្លេសាប មានបណ្ដោយប្រមាណ ១១៦ គីឡូម៉ែត្រ និងមានទទឹងប្រមាណពី ៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រ និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំង ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ក្រសួង បានកំណត់ច្បាស់លាស់ គឺខេត្តសៀមរាប ជាគោលដៅប្រកប​ដោយគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងនៅខេត្តសៀមរាប ដោយធ្វើយ៉ាងណាឲ្យស្នាក់នៅបានយូរ លើសពី ៥ថ្ងៃឡើង។

គួរបញ្ជាក់ថា ឯកឧត្តម ធ្លាប់បានលើកឡើងថា ក្រសួងទេសចរណ៍មានសង្ឃឹមថា ខេត្តសៀបរាប នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិកើនដល់ ៧លាននាក់ នៅឆ្នាំ ២០៣៥ និងទេសចរជាតិចំនួន ១១លាននាក់ និងអាចទាញយកចំណូលពីវិស័យនេះប្រហែល ៥ពាន់លានដុល្លារ និងបង្កើតការងារ ៩០ម៉ឺនកន្លែង។ បន្ថែមពីនេះ នៅឆ្នាំ ២០២៣ខាងមុខនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងត្រូវបញ្ចប់ជាស្ថាពរ ក៏អាចទទួលអ្នកដំណើរបាន ១០លាននាក់ ក្នុងឆ្នាំ ២០៣០ និង ២០លាននាក់ ត្រឹមឆ្នាំ ២០៥០៕

spot_img
×