រដ្ឋធានីហាណូយ៖ ក្រោយផ្ទុះរឿងអាស្រូវ នៃអំពើពុករលួយ ពាក់ព័ន្ធនឹងការកេងបន្លំតម្លៃទិញឧបករណ៍តេស្ដកូវីដ-១៩នោះមក មន្រ្ដីជាន់ខ្ពស់វៀតណាមចំនួន៣នាក់ ត្រូវបានបណ្ដេញចេញពីតំណែង និងត្រូវចាប់ខ្លួន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
សារព័ត៌មាន Vietnam Net បានផ្សាយថា ទីភ្នាក់ងារប៉ូលិសស៊ើបអង្កេត ស្ថិតក្រោមក្រសួងសន្តិសុខសាធារណៈ កាលពីថ្ងៃទី៧ ខែមិថុនា បានសម្រេចកាត់ទោស និង ចាប់ខ្លួនអតីតមន្ត្រីហាណូយ និង ក្រសួង ចំនួន៣នាក់ សម្រាប់តួនាទីរបស់ពួកគេ នៅក្នុងការបោកប្រាស់លើការទិញឧបករណ៍ធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Viet A Technologies JSC ។

លោក ងូយ៉ែន ថាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្រ្ដីក្រសួងសុខាភិបាល, លោក ជូ ង៉ុក អាញ់ (Chu Ngoc Anh) ចៅហ្វាយក្រុងហាណូយ និង លោក ហ្វាម កុង តាក់ (Pham Cong Tac) អនុរដ្ឋមន្រ្ដីក្រសួងវិទ្យាសាស្រ្ដ និង បច្ចេកវិទ្យា ត្រូវបានដកចេញពីតំណែង ហើយចាប់ខ្លួន ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងការកេងបន្លំតម្លៃទិញឧបករណ៍តេស្ដកូវីដ-១៩ មានតម្លៃហួសប្រមាណ ពីក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា Viet A ។
សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែមិថុនា ថា គណបក្សកុម្មុយនិស្ដវៀតណាម បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសអាស៊ានមួយនេះ និង អភិបាលក្រុងហាណូយ ត្រូវបានដកចេញ ពីសមាជិកភាពរបស់បក្សកុម្មុយនិស្ត។ សកម្មភាពនេះ បានកើតឡើង បន្ទាប់ពីមានការចោទប្រកាន់ថា មន្រ្ដីជាន់ខ្ពស់របស់វៀតណាម ទាំង២នាក់ មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវកិបកេងលុយ ពីការទិញឧបករណ៍ធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ចំនួន១៧២ លានដុល្លារសហរដ្ឋអាមេរិក។
ការបណ្តេញមន្រ្ដីជាន់ខ្ពស់ ចេញពីតំណែងនេះ បានកើតឡើង ចំពេលប្រទេសកុម្មុយនិស្តមួយនេះ បង្កើននូវការជំរុញប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីមានរឿងអាស្រូវជាមួយក្រុមហ៊ុន Viet A ដោយក្នុងនោះមានទាំងមន្ត្រីត្រូវបានសូកប៉ាន់ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ដល់មន្ទីរពេទ្យ នៅក្នុងតម្លៃខ្ពស់ហួសប្រមាណ។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋវៀតណាម បានរាយការណ៍ថា លោក ងូយ៉ែន ថាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និង លោក ជូ ង៉ុក អាញ់ (Chu Ngoc Anh) អភិបាលរដ្ឋធានីហាណូយ មន្រ្ដីទាំង២នាក់នេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ អំពីការប្រព្រឹត្ដខុសឆ្គង ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Viet A។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ចុះផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ថា «គណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចបណ្ដេញលោក Chu Ngoc Anh និង លោក Nguyen Thanh Long ចេញពីបក្ស។ បច្ចុប្បន្ន មន្រ្ដីទាំង២នាក់នេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋ ផងដែរ»។
យន្ដការប្រឆាំងនឹងអំពើពុករលួយកាលពីពេលថ្មីៗរបស់ក្រុងហាណូយ បានអូសទាញដល់មន្រ្ដីសំខាន់ៗមួយចំនួន រួមទាំងលោក ផាន់ កុកវៀត (Phan Quoc Viet) អគ្គនាយកក្រុមហ៊ុន Viet A ផងដែរ។ គាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ ពីបទសូកប៉ាន់មន្ត្រីសុខាភិបាល ឱ្យលក់ឧបករណ៍ធ្វើតេស្ដរបស់ក្រុមហ៊ុន ទៅឲ្យមន្ទីរពេទ្យ និង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ នៅតាមខេត្ត (ហៅកាត់ CDC) នៅក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតកម្ម ដោយទទួលបានប្រាក់ ចំនួន ១៧២លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះ ចំនួន៣៤លានដុល្លារ ត្រូវបានចោទប្រកាន់ថា បានស៊ីសំណូកផ្សេងទៀត។
ដោយឡែក មន្រ្ដី CDC នៅតាមខេត្ដជាច្រើនទៀត នឹងត្រូវចាប់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ និង ការយល់ព្រមនៅក្នុងការផលិត និង ប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគរបស់ក្រុមហ៊ុន Viet A៕ រក្សាសិទ្ធិដោយ ៖ សារាយSN









