ភ្នំពេញ៖ ទិន្ន័យការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនជាង ២៦% ក្នុងរយៈពេល ៤ខែឆ្នាំ២០២២នេះ។
ទិន្ន័យនេះ បានឱ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២នេះ បានកើនឡើង ២៦,៥២ភាគរយ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៨៤១,១លានដុល្លារ ខណៈការកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញនៅក្នុងពេលតែមួយនេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១៦៥,៧លានដុល្លារ បានកើនឡើង ២២,១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកវមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូល ពីសហរដ្ឋអាមេរិកវិញ មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឳសថ និងបរិក្ខាពេទ្យ ជាដើម។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងនៅតែរក្សាបានកំណើនល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញ ក្នុងពេលការរាតត្បាតជំងឺកូវីដ១៩ មានការថមថយ។ ប៉ុន្តែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែជាក្តីបារម្ភសម្រាប់ពិភពលោក ដែលបានជះឥទ្ធិពលដល់ការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ។
គួរបញ្ជាក់ថា អាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨,៧៤ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១។ ចំពោះការវិនិយោគរបស់អាមេរិកនៅកម្ពុជា បើគិតនៅត្រឹមឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុបត្រឹមតែ ៨៦៣លានដុល្លារ៕