Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាអឺរ៉ុបផ្ដល់អនុសាសន៍ ប្រគល់ឋានៈបេក្ខភាពជាសមាជិក EU ដល់អ៊ុយក្រែន

ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ប្រធានសភាអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៨ ខែមិថុនា បានអង្វរករយ៉ាងទទួច សម្រាប់ការទទួលយកបេក្ខភាពរបស់ប្រទេសគាត់ ឲ្យក្លាយជាសមាជិកភាពសហភាពអឺរ៉ុប ហើយនៅទីបំផុតសមាជិកសភាអឺរ៉ុប បានអនុម័តនូវដំណោះស្រាយមួយ ដោយផ្ដល់អនុសាសន៍ថា ក្រុមប្រឹក្សានេះ ផ្ដល់ឋានៈជាបេក្ខភាពដល់ប្រទេសអ៊ុយក្រែន សម្រាប់ការចូលរួមជាមួយនឹងប្លុកនេះ។

សារព័ត៌មាន The Kyiv Post បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមិថុនា ថា សភាអឺរ៉ុប នឹងផ្តល់អនុសាសន៍ ថា ប្រមុខរដ្ឋ ឬរដ្ឋាភិបាលសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ ២០២២ នឹងផ្តល់ឋានៈបេក្ខភាពរបស់សហភាពអឺរ៉ុប ដល់អ៊ុយក្រែន និង ផ្តល់អាវុធស្របតាមតម្រូវការ ដែលបានបង្ហាញដោយអាជ្ញាធរក្រុងគៀវ។

សារព័ត៌មាន Ukrinform បានដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយអន្ដរជាតិ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ ដឺតស៊ើវែល (Deutsche Welle) យកមកចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ ថា សភាអឺរ៉ុប កាលពីថ្ងៃពុធ បានអនុម័តនូវសេចក្តីសម្រេចមួយ ដោយផ្តល់អនុសាសន៍ឱ្យសហភាពអឺរ៉ុប ផ្តល់ឋានៈជាបេក្ខភាព ដល់ប្រទេសអ៊ុយក្រែន សម្រាប់ការចូលជាសមាជិកភាពសហភាពអឺរ៉ុប។ នៅក្នុងការបោះឆ្នោតនោះ សមាជិកសភាអឺរ៉ុប ចំនួន៤៣៩រូប បោះឆ្នោតគាំទ្រ ប្រឆាំងចំនួន៦៥ និង អនុបវាទ ចំនួន៩៤សំឡេង។

សភាអឺរ៉ុប បានផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) យល់ព្រមថា សេចក្តីប្រកាសវ៉ារសាយ (Versailles) បានទទួលស្គាល់សេចក្តីប្រាថ្នាចង់ចូលជាមួយអឺរ៉ុបរបស់អ៊ុយក្រែន និង ការដាក់ពាក្យសុំចូល ជាសមាជិកសហភាពអឺរ៉ុប ហើយផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុប ជាសញ្ញានយោបាយច្បាស់លាស់ នៃសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។

បើតាមសេចក្តីថ្លែងការណ៍នោះ សភាអឺរ៉ុប កាលពីដំបូង គ្រាន់តែអំពាវនាវឲ្យសហភាពអឺរ៉ុប ធ្វើការងារឆ្ពោះទៅរកការផ្តល់ឋានៈជាបេក្ខភាពដល់ប្រទេសអ៊ុយក្រែន។ ក្រៅពីនេះ សមាជិកសភាអឺរ៉ុប បានផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប អាចបំពេញតម្រូវការរបស់អ៊ុយក្រែន ឲ្យបានឆាប់ តាមតែអាចទៅបាន នៅក្នុងការផ្ដល់គ្រឿងសព្វាវុធ សម្រាប់ប្រទេសនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី។

ប្រធានាធិបតីប៉ូឡូញ កាលពីព្រឹក ថ្ងៃទី៨ ខែមិថុនា ត្រូវបានគេដឹងថា គាត់បានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ទ្វីបអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលដល់អាជ្ញាធរ នៃបណ្តាប្រទេសក្នុងតំបន់ ដើម្បីឱ្យផ្តល់ឋានៈជាបេក្ខភាព សម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×