បរទេស៖ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវឃោរឃៅ រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល១០៦ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី៩ ខែមិថុនា ហើយជម្លោះប្រដាប់អាវុធនេះ បានបង្កឲ្យមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ ដល់មនុស្សជិត២ពាន់លាននាក់ នៅទូទាំងពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែមិថុនា ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ឥទ្ធិពលសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញស្បៀងអាហារ ថាមពល និង ការផ្គត់ផ្គង់ហិរញ្ញវត្ថុ។
ប្រមុខ អង្គការសហប្រជាជាតិ បានអះអាងថា ផលវិបាកជាច្រើន សម្រាប់ពិភពលោក ដោយសារការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កំពុងតែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង ហើយវាជះឥទ្ធិពលដល់មនុស្ស ប្រហែល ១,៦ពាន់លាននាក់ នៅលើពិភពលោក។ ឥទ្ធិពលសង្គ្រាមនេះ ប៉ះពាល់ដល់សន្ដិសុខស្បៀងអាហារ ប្រភពថាមពល និង ហិរញ្ញវត្ថុ។

អ៊ុយក្រែន និង រុស្ស៊ី ជាប្រទេសផលិតស្រូវសាលីដ៏ធំបំផុតមួយ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក ហើយប្រទេសទាំង២នេះ ក៏សម្បូរទៅដោយប្រេង និង ឧស្ម័នធម្មជាតិ។ ប៉ុន្ដែក្រោយពេល ប្រទេសជិតខាងទាំង២នេះ ធ្វើសង្គ្រាមវាយប្រយុទ្ធគ្នា ទើបនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញ សម្រាប់ផ្គត់ផ្គង់ដល់ពិភពលោកទាំងមូល ហើយមនុស្សជិត២លាននាក់ ប្រឈមមុខនឹងផលប៉ះពាល់ ពីជម្លោះនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN













