រដ្ឋធានីគៀវ៖ ក្រោយពេលតុលការកំពូលរបស់ក្រុមផ្ដាច់ខ្លួន គាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានប្រកាស ពីការកាត់ទោសប្រហារជីវិតដល់ប្រជាពលរដ្ឋអង់គ្លេស ចំនួន២នាក់ និង ជនជាតិម៉ារ៉ុកម្នាក់ រួចមក រដ្ឋាភិបាលរបស់លោក បូរីស ចនសុន មានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើជោគវាសនារបស់ពលរដ្ឋខ្លួន។
សារព័ត៌មាន Washington Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ថា រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ខ្លួនមាន«ការព្រួយបារម្ភយ៉ាងខ្លាំង» បន្ទាប់ពីរបាយការណ៍ព័ត៌មានរបស់រុស្ស៊ី ដែលថា មានការកាត់ទោសប្រហារជីវិត ទៅលើអ្នកប្រយុទ្ធអង់គ្លេស ចំនួន២នាក់ និង ជនជាតិម៉ារ៉ុកម្នាក់។ នេះជាលើកដំបូង សម្រាប់អ្នកប្រយុទ្ធបរទេស ត្រូវបានកាត់ទោស ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

បើតាមបណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ថា តុលាការ គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួន គាំទ្រដោយក្រុងមូស្គូ ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានចេញសាលដីកា កាត់ទោសប្រហារជីវិត លើពលរដ្ឋអង់គ្លេស ចំនួន២នាក់ និង ជនជាតិម៉ារ៉ុកម្នាក់។ បុរសទាំង៣នាក់នេះ បានស្ម័គ្រចិត្ត ចូលរួមជាមួយកងពលអន្ដរជាតិរបស់អ៊ុយក្រែន កៀកស្មាគ្នាជាមួយនឹងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ហើយត្រូវចាប់ខ្លួនបាន នៅក្នុងសមរភូមិ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Donetsk មានទំនាក់ទំនងជាមួយនឹងក្រុមផ្ដាច់ខ្លួន គាំទ្រដោយរុស្ស៊ី បានរាយការណ៍ថា ជនបរទេស ចំនួន៣នាក់ ត្រូវបានកាត់ទោស ដោយតុលាការរបស់ក្រុមផ្ដាច់ខ្លួន រួមមាន លោក អេដេន អាស្លីន (Aiden Aslin) និង លោក សោន ភីនន័រ (Shaun Pinner) ហើយពួកគេទាំង២នាក់នេះ ជាជនជាតិអង់គ្លេស និង ម្នាក់ទៀតឈ្មោះ សាអាដូន ប្រាហ៊ីម (Saadoun Brahim) ជនជាតិម៉ារ៉ុក។ ជនបរទេសទាំង៣នាក់នេះ ត្រូវបានចោទប្រកាន់ ពីបទរំលោភ លើមាត្រាទី៤ នៃក្រមច្បាប់របស់ក្រុមផ្ដាច់ខ្លួន គាំទ្រដោយក្រុងមូស្គូ រួមទាំងការចោទប្រកាន់ ពីបទប៉ុនប៉ង ដើម្បី «ដណ្តើមអំណាច» និង «ការបណ្តុះបណ្តាល ដើម្បីធ្វើសកម្មភាពភេរវកម្ម»។

តុលាការរបស់ក្រុមឧទ្ទាម នៅភាគខាងកើតអ៊ុយក្រែន គាំទ្រដោយរុស្ស៊ី បានកំណត់អត្តសញ្ញាណក្រុមនីមួយៗថា ជា «ទាហានស៊ីឈ្នួល» ។ តុលាការរបស់ក្រុម DPR នេះ បានអះអាងថា សកម្មភាពរបស់ជនបរទេសទាំងនេះ បាន «នាំឱ្យមានការស្លាប់ និង របួសដល់ជនស៊ីវិល» ក៏ដូចជា ការបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាធារណរដ្ឋប្រជាមានិតដូណែត ហៅកាត់ DPR ជាតំបន់ដាច់ចេញចំនួន២ នៅក្នុងតំបន់ដុនបាស (Donbas) ស្ថិតនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលនៅក្បែរក្រុមបំបែកខ្លួន ប្រកាសខ្លួនឯងជា សាធារណរដ្ឋប្រជាមានិតលូហានស្ក៍ (Luhansk) ហៅកាត់ LPR ។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass ក៏បានរាយការណ៍ថា បុរសបរទេសទាំង៣នាក់នេះ បានសារភាព អំពីទោសកំហុស ចំពោះបទល្មើសទាំងអស់ ដែលបានចោទប្រកាន់ប្រឆាំងនឹងពួកគេ។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA Novosti បានឲ្យដឹងដែរថា បច្ចុប្បន្ន បុរសបរទេសទាំង៣នាក់នេះ ត្រូវប្រឈមមុខនឹងក្រុមបាញ់ប្រហារ។ ដោយឡែក មេធាវីរបស់ពួកគេ បានអះអាងថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចបែបនេះ ព្រោះមេធាវីរបស់ពួកគេ នឹងនៅមានពេលវេលា រហូតដល់មួយខែទៀត ដើម្បីអនុវត្ដបែបតាមច្បាប់បែបនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN














