រដ្ឋធានីវ៉ាសាវី៖ ប្រធានាធិបតីប៉ូឡូញ បាននិយាយច្រានចោល ចំពោះសកម្មភាពរបស់អធិការបតីអាល្លឺម៉ង់ និង ប្រធានាធិបតីបារាំង សម្រាប់ការព្រមាន ប្រឆាំងនឹងការបន្ទាបបន្ថោកដល់ប្រធានាធិបតីរុស្ស៊ី ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដោយគាត់បានចោទប្រកាន់ដល់មេដឹកនាំទាំង២នេះ កំពុងតែធ្វើឲ្យមានភាពស្របច្បាប់នូវអំពើឃោរឃៅរបស់រុស្ស៊ី ព្រោះការនិយាយជាមួយនឹងពូទីន ក៏មិនខុសពីការនិយាយជាមួយនឹងហ៊ីត្លែរដែរ។
សារព័ត៌មានអាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ថា លោក អែនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានស្ដីបន្ទោស ដល់មេដឹកនាំអាល្លឺម៉ង់ និង បារាំង ដែលតែងតែព្យាយាមហៅទូរស័ព្ទ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដោយសារតែមិនទទួលបានលទ្ធផលអ្វីសោះឡើយ។ ប្រមុខរដ្ឋប៉ូឡូញ រូបនេះ បានចាត់សកម្មភាពបែបនេះ ជាការថែរក្សាបន្ទាត់ត្រង់ ជាមួយនឹងលោក អាដូលហ្វ៍ ហ៊ីត្លែរ (Adolf Hitlier) នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២។

នៅក្នុងបទសម្ភាសន៍មួយ ត្រូវបានចេញផ្សាយ នៅលើកាសែត Bild ដែលលក់ដាច់បំផុតរបស់អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ លោក ឌូដា (Duda) ប្រធានាធិបតីប៉ូឡូញ បានចោទសួរ អំពីអ្វីដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) និង ប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) គិតថា នឹងទទួលបាន ដោយការអំពាវនាវនេះ ខណៈរុស្ស៊ីបន្តវាយប្រហារ និង ទម្លាក់គ្រាប់បែក ទៅលើគោលដៅរបស់ជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីបារាំង បានទាក់ទាញនូវការចាប់អារម្មណ៍ ពីអន្តរជាតិ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន ខណៈគាត់បាននិយាយថា ការអំពាវនាវបែបនេះ ជាការចាំបាច់ សម្រាប់ការពារក្រុងមូស្គូ បញ្ចៀសពី«ភាពអាម៉ាស់» ហើយសកម្មភាពបែបនេះនឹងរក្សាឱកាស នៃដំណោះស្រាយការទូត ជុំវិញជម្លោះនេះ។
បើតាមវិមានអេលីហ្សេរបស់ប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ម៉ាក្រុង បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ដដែលនោះ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំឱ្យគាត់ បន្តទូរស័ព្ទទៅកាន់លោក ពូទីន ។ មេដឹកនាំបារាំងក៏បានប្រើនូវការអំពាវនាវនេះ ដើម្បីជំរុញឱ្យលោក ពូទីន ដោះលែងអ្នកទោស តាមសេចក្តីរាយការណ៍ រួមទាំង ជនស៊ីវិល ផងដែរ។

ប្រធានាធិបតីប៉ូឡូញ បានសង្កត់ធ្ងន់ថា «តើមាននរណាម្នាក់និយាយបែបនេះជាមួយនឹងលោក អាដូលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) នៅក្នុងសង្គ្រាមលោកលើកទី២ បានដែរឬទេ? តើមាននរណាម្នាក់និយាយថា អាដូលហ៍ ហ៊ីត្លែរ ត្រូវតែសង្គ្រោះមុខមាត់ដែរឬទេ? តើយើងគួរបន្តធ្វើបែបណា ដែលវាមិនគួរឲ្យអាម៉ាស់ សម្រាប់ ហ៊ីត្លែរ ? ហើយខ្ញុំក៏មិនបានឮសំឡេងបែបនេះដែរ»។
ប្រធានាធិបតីប៉ូឡូញ បានពណ៌នានូវការសន្ទនាបែបនេះថា ជា«ប្រភេទនៃភាពស្របច្បាប់ សម្រាប់បុគ្គលទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ី នៅអ៊ុយក្រែន ហើយមិនមានភស្តុតាងណាមួយ បញ្ជាក់ថា ពួកគេ«សម្រេចបានអ្វីទាំងអស់នោះដែរ»។ ពលរដ្ឋអ៊ុយក្រែន ៧លាននាក់បានរត់ចោលប្រទេស រាប់ម៉ឺននាក់ត្រូវសម្លាប់ ហើយរុស្ស៊ី កំពុងតែបន្ដប្រព្រឹត្ដអំពើឃោរឃៅ ទៅលើជនស៊ីវិលបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN










