រដ្ឋធានីគៀវ៖ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង អស់រយៈពេលជាច្រើនខែមក ទម្រាំតែទីក្រុងម៉ារីយូប៉ូល ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នោះ ប៉ុន្ដែនៅពេលនេះ ក៏បានផ្ទុះឡើងនូវជំងឺអាសន្នរោគ នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដមួយនេះ ខណៈរដ្ឋាភិបាលក្រុងគៀវ បានបន្ដអំពាវនាវ ស្នើសុំជំនួយគ្រឿងសព្វាវុធបន្ថែម សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងទាហានក្រុងមូស្គូ។
សារព័ត៌មាន J Post ចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ ថា អ៊ុយក្រែន កាលពីថ្ងៃសុក្រ បានស្វែងរកជំនួយគ្រឿងសព្វាវុធបន្ថែមទៀត ពីបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) ដោយបានអង្វរ ស្នើសុំឱ្យមានការចែកចាយគ្រឿងយុទ្ធោបករណ៍ ឲ្យបានលឿនជាងមុន សម្រាប់យកមកទប់ស្កាត់នឹងកម្លាំងទាហានរុស្ស៊ី ដែលមានគ្រឿងចម្បាំងទំនើបៗជាងមុន។ ក្រៅពីការស្នើសុំជំនួយគ្រឿងសឹកនោះ ក្រុងគៀវ ក៏បានស្នើសុំជំនួយមនុស្សធម៌ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគដ៏សាហាវផងដែរ។

អភិបាលក្រុងម៉ារីយូប៉ូល (Mariupol) បានអះអាងថា ប្រព័ន្ធសុខាភិបាល នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដ មានផ្ទៃដីទំហំ ១៦៦គីឡូម៉ែត្រការ៉េ នៅតាមឆ្នេរភាគខាងជើង សមុទ្រអាហ្សូវ (Azov) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន មួយនេះ បានរងនូវការបំផ្លិចបំផ្លាញអស់ ដោយសារសង្គ្រាមរបស់រុស្ស៊ី។ ដោយឡែកសាកសព បានស្អុយរលួយ នៅពាសពេញដងផ្លូវ។
លោកអភិបាលក្រុង បានប្រាប់ដល់បណ្ដាញទូរទស្សន៍ជាតិ ថា «រហូតមកដល់ពេលនេះ មានការផ្ទុះឡើង នៃជំងឺរាករួស និង ជំងឺអាសន្នរោគ … ហើយសង្រ្គាមនេះបានឆក់យកអាយុជីវិតរបស់អ្នកស្រុក ជាង ២០ ០០០នាក់ …ប៉ុន្ដែអ្វីជាអកុសលបន្ថែមទៀតនោះ គឺការផ្ទុះឡើងនូវជំងឺឆ្លង អាចនឹងឆក់យកជីវិតអ្នកក្រុងម៉ារីយូប៉ូល រាប់ពាន់នាក់បន្ថែមទៀត»។
ជាមួយគ្នានេះដែ លោកអភិបាលក្រុង បានអំពាវនាវដល់អង្គការសហប្រជាជាតិ (UN) និង គណៈកម្មការធិការកាកបាទក្រហមអន្ដរជាតិ ត្រូវបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតដល់អ្នកស្រុក ដែលនៅសេសសល់ ឲ្យចាកចេញ ពីទីក្រុងម៉ារីយូប៉ូល ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ដោយឡែក ការស្នើសុំទៅសហភាពអឺរ៉ុប ឲ្យទទួលយកអ៊ុយក្រែន ជាបេក្ខភាពសមាជិករបស់ប្លុកសេរីមួយនេះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់សន្និសីទ នៅក្នុងរាជធានីកូផែនហាជែន ( Copenhagen) ប្រទេសដាណឺម៉ាក ថា «សហភាពអឺរ៉ុប អាចចាត់វិធានការ ជាប្រវត្តិសាស្ត្រ ដែលនឹងបង្ហាញថា ពាក្យអំពីប្រជាជនអ៊ុយក្រែន ជាគ្រួសាររបស់អឺរ៉ុប មិនមែនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេ»។
ប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវ នៅក្នុងសុន្ទរកថាជាវីដេអូមួយ សម្រាប់អ៊ុយក្រែន ត្រូវតែដាក់បញ្ចូលជាផ្នែកមួយ នៃលោកខាងលិច ជាមួយនឹងការធានាចងភ្ជាប់នូវកិច្ចការពាររបស់ខ្លួន។
មន្រ្ដីអ៊ុយក្រែន ក៏បានបញ្ជាក់ថា សង្គ្រាម នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាកន្លែង ដែលរុស្ស៊ី កំពុងតែផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយវាជាសមរភូមិកាំភ្លើងផ្លោង ជាអាទិភាព។ ដូច្នេះ ក្រុងគៀវត្រូវការគ្រឿងសឹកបែបនេះ ពីលោកខាងលិចបន្ថែមទៀត សម្រាប់ទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN









